photo promote.jpg

ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ


            មនុស្សគ្រប់ជាតិសាសន៍ ក្នុងពិភពលោកទាំងមូលតែងតែធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីផ្ទាល់ តាមជាតិនីមួយៗ។ គេនិយមកំណត់ពេលវេលា និងរៀបចំពិធីបុណ្យនេះប្លែកៗគ្នាស្របទៅតាម ជំនឿ ទំនៀមទំលាប់និងប្រពៃណីរបស់គេ។ ចំពោះប្រទេសកម្ពុជាវិញ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រជាជនខ្មែរគ្រប់រូបប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយរបៀបនៃការធ្វើនេះ មានតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ។

.ប្រភពកំណើតនៃពិធីបុណ្យចូលឆ្នាំ
            បុព្វហេតុដែលនាំឲ្យមានការបញ្ចប់ឆ្នាំចាស់ ហើយផ្លាស់ចូលឆ្នាំថ្មីនេះ ដោយខ្លះមានជំនឿលើ រឿងព្រេងមួយដែលមានសេចក្តីដំណាលថា កបិលមហាព្រហ្ម បានចោទប្រស្នាបីខ ដល់ធម្មបាល កុមារ ជាកូនសេដ្ឋីដែលរៀនចេះចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង ហើយបានសន្យាថា បើធម្មបាលកុមារដោះស្រាយប្រស្នាមិនរួចទេ នឹងកាត់ក្បាលថ្វាយកបិលមហាព្រហ្ម តែប្រសិនជាឆ្លើយ រួចវិញ កបិលមហាព្រហ្មនឹងកាត់ក្បាលថ្វាយធម្មបាលកុមារវិញ។ ប្រស្នាបីខនេះគឺមានដូចតទៅ៖
            .តើពេលព្រឹក សិរីសួស្តីរបស់មនុស្សនៅឯណា?
            .តើពេលថ្ងៃត្រង់ សិរីសួស្តីរបស់មនុស្សនៅឯណា?
            .តើពេលល្ងាច សិរីសួស្តីរបស់មនុស្សនៅឯណា?
            ធម្មបាលកុមារទាល់តំរិះពុំអាចដោះប្រស្នានេះបានឡើយ ប៉ុន្តែទីបំផុតបានស្តាប់សត្វឥន្រ្ទីញី ឈ្មោលសន្ទនាគ្នាអំពីប្រស្នានេះ ទើបយល់ច្បាស់។ លុះដល់ថ្ងៃកំណត់ធម្មបាលកុមារក៏បានឆ្លើយ ទៅកាន់កបិលមហាព្រហ្មថា៖
            .វេលាព្រឹក សិរីសួស្តីស្ថិតនៅមុខ ដូចនេះហើយទើបមនុស្សត្រូវយកទឹកលុបលាងមុខ។
            .វេលាថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅទ្រូង ដូចនេះហើយទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។
            .វេលាល្ងាច សិរីសួស្តីស្ថិតនៅជើង ដូចនេះហើយទើបមនុស្សត្រូវយកទឹកមកលាងជើង។
            លុះបានស្តាប់ធម្មបាលកុមារឆ្លើយត្រូវឥតខ្ចោះដូចនេះហើយ កបិលមហាព្រហ្មកាត់ក្បាលបូជា ធម្មបាលកុមារ ហើយឲ្យកូនស្រីទាំងប្រាំពីរអង្គយកពានមកទទួលក្បាល រួចត្រូវហែរប្រទក្សិណ ភ្នំសុមេរុជារៀងរាល់ឆ្នាំ តរហូតមក។ ហេតុនេះហើយទើបបានជាមាន សង្ក្រាន្ត រឺទំនៀមដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ។ យ៉ាងណាមិញបុត្រីទាំងប្រាំពីរអង្គរបស់កបិលមហាព្រហ្មគឺ៖
            . បើសង្ក្រាន្តបានចំថ្ងៃអាទិត្យ            គឺបុត្រីព្រះនាមទុង្សាទេវី
            . បើសង្ក្រាន្តបានចំថ្ងៃច័ន្ទ                  គឺបុត្រីព្រះនាមគោរាគទេវី
            . បើសង្ក្រាន្តបានចំថ្ងៃអង្គារ              គឺបុត្រីព្រះនាមរាក្យសាទេវី
            . បើសង្ក្រាន្តបានចំថ្ងៃពុធ                  គឺបុត្រីព្រះនាមមណ្ឌាលទេវី
            . បើសង្ក្រាន្តបានចំថ្ងៃព្រហស្បត្តិ៍      គឺបុត្រីព្រះនាមកិរីណីទេវី
            . បើសង្ក្រាន្តបានចំថ្ងៃសុក្រ               គឺបុត្រីព្រះនាមកិមិរាទេវី
            . បើសង្ក្រាន្តបានចំថ្ងៃសៅរិ៍              គឺបុត្រីព្រះនាមមហោទរាទេវី។

.កាលបរិច្ឆេទនៃពិធីបុណ្យចូលឆ្នាំ
            ចាប់តាំងពីសម័យក្រុងមហានគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើប កំណត់យក មិគសិរជាខែចូលឆ្នាំ ហើយក៏ជាខែទី១ ចំណែកឯខែកក្តិកជាខែទី១២។ លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ ​(វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំខ្មែរក្នុងខែចែត្រ ដែលជាដើមឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេសរាសី ឯថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ)ជារៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅប្រហែលជាមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ក៏មានខ្លះដែរ។
ចំពោះថ្ងៃទាំង៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរនោះគឺ៖
            -ថ្ងៃទីហៅថា ថ្ងៃមហាសង្ក្រាន្ត
            - ថ្ងៃទីហៅថា ថ្ងៃវារៈវ័នបត
            - ថ្ងៃទីហៅថា ថ្ងៃវារៈឡើងស័ក

.ការប្រារព្ធពិធី
            នៅពេលមុនចូលឆ្នាំ ២ឬ៣ថ្ងៃ ប្រជាជនទាំងអស់មានការមមាញឹកក្នុងការសម្អាតលំនៅស្ថាន មានការតុបតែងគេហដ្ឋាន។ លុះដល់ថ្ងៃចូលឆ្នាំគឺមានការរៀបចំរណ្តាប់ថ្វាយទេវតា ចំពោះរណ្តាប់ ថ្វាយទេវតាមាន បាយសីធំ១គូ ស្លាធម៌១គូ ទឹកអប់១គូ ស្លា៥ ម្លូ៥ បារី៥ដើម លាជ៥ ធូប៥ ឆ្កា៥(ដាក់ថូ) ទឹកមួយផ្តិល និងភេសជ្ជៈ នំនែកជាដើម ព្រមទាំងមានការតុបតែងក្បូរក្បាច់រចនាទៅតាម ចំណង់ចំណូលចិត្តតាមតំបន់នីមួយៗ។ នៅតាមវត្តអារាមមានពុទ្ធបរិស័ទជាច្រើនយកចង្ហាន់ទៅ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋាន ទៅហើយនោះ។ លើសពីនេះ ក៏មានពិធីពូនភ្នំខ្សាច់ដើម្បីជម្រះមន្ទិលសៅហ្មងនៅក្នុងសន្តានចិត្ត រឺន័យមួយទៀតថា ដើម្បីឆ្លងអន្លង់ ទាំង៤ក្នុងសង្សារវដ្ត។ នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំក៏មានធ្វើពិធីស្រង់ព្រះនៅគ្រប់វត្តអារាម។ អ្នកខ្លះទៀតបានប្រមូលបងប្អូនកូនចៅ មកជួបជុំគ្នា ដើម្បីធ្វើពិធីស្រងទឹកដល់អ្នកមានគុណគឺ មាន មាតាបិតា ជីដូនជីតា ដើម្បីលុបលាងនូវទោសកំហុស ក៏ដូចជាតបស្នងសងគុណចំពោះគាត់ដែល បានបីបាច់ថែរក្សាដល់បុត្រធីតា។

.ល្បែងប្រជាប្រិយ
            នៅតាមវត្តអារាមក៏ដូចជាភូមិ ស្ថាននានា មនុស្សម្នានាំគ្នាលែងល្បែងប្រជាប្រិយយ៉ាង សប្បាយរីករាយ ដែលបានឆ្លុះបញ្ចាំងនូវមរតកវប្បធម៌ដ៏ល្អផូរផង់ ដែលបានចាក់ឬសចូលក្នុងផ្នត់គំនិត កូនខ្មែរគ្រប់រូប។ ចំពោះល្បែងប្រជាប្រិយមានដូចជា៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ វាយក្អម លាក់កន្សែង កញ្ឆក់ស្លឹកឈើ ហើយក៏មានការាំលេងកំសាន្តសប្បាយដូចជា៖ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ រាំក្បាច់ជាដើម។ រំលឹកអំពីល្បែងកំសាន្តទាំងអស់នេះ យុវ័ន យុវនារី ពួកគេពិតជាចង់ឲ្យពិធីបុណ្យចូល ឆ្នាំមកដល់ខ្លាំងណាស់ ពីព្រោះពួកគេយល់ថា ពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណីជាតិមួយ ដែល បង្កើននូវទំនាក់ទំនង ការជួបជុំ ពិសេសបានបំបាត់នូវទុក្ខកង្វល់នៅឆ្នាំចាស់ និងបង្កើននូវអត្តចរិតថ្មី ចិត្តគំនិតថ្មីដល់ពួកគេ។
            ដូចនេះសូមពុទ្ធសាសនិកជន ក៏ដូចជាខេមរជនគ្រប់រូប គួររួមសហការ ថែរក្សានូវសម្បត្តិ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់នេះ ឲ្យបានស្ថិតស្ថេរចីរកាល។ ជាពិសេសយើង ត្រូវមានទឹកចិត្តស្រលាញ់ លើកតំកើងព្រមទាំងបន្តការគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទំលាប់ដែលបានបន្សល់ពីបុព្វបុរសនៃយើង។ ពិសេសជាងនេះទៅទៀតវា គឺជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃអត្តសញ្ញាណជាតិក្នុងការទ្រទ្រង់នូវវប្បធម៌ អរិយធម៌ ដែលធ្វើឲ្យកម្ពុជរដ្ឋរបស់យើងទទួល ការស្ងើចសរសើរនៅលើឆាកអន្តរជាតិ៕
ដោយសុខ ប៊ុនធី