photo promote.jpg

មហាសង្ក្រាន្តឆ្នាំថោះ


                                     
                                                 មហាសង្រ្កាន្តឆ្នាំថោះ ត្រីស័ក
                                      ចុល្លសករាជ ១៣៧៣-មហាសករាជ ១៩៣៣
                                       ​ ពុទ្ធសករាជ ២៥៥៥-គ្រឹស្តសករាជ ២០១១
                                             សុភមស្តុ! វរមង្គលាជយាតិរេក

            ព្រះពុទ្ធសករាជព្រះសាសនាអត្តិក្កន្តាកន្លងទៅហើយបាន ២៥៥៤ត្រឹមថ្ងៃ ១៥កើតខែពិសាខ លុះដល់ថ្ងៃ១រោជ ខែពិសាខឆ្នាំថោះ ត្រីស័កតទៅចូលពុទ្ធសករាជ២៥៥៥។
            នឹងគណនាឆ្នាំ ថោះ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បត្តិ៍​ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃ ទី១៤ ខែមេសា គ.ស ២០១១ វេលាម៉ោង១៣ និង១២នាទីរសៀល។ ពេលនោះព្រះអាទិត្យចេញពី មីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គ នាយិកាព្រះនាម កិរិណីទេវី ជាបុត្រទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណទ្រង់ពាក់ កែវមរកត ភក្សាហារទ្រង់សោយ សណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នង គុជសារ (ដំរី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពាន មាស នាំមកដង្ហែប្រទក្សិណ ភ្នំសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំ យកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឲ្យជ្រះ ស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំង ឡាយតាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។
            ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១១ វេលាម៉ោង ១៣ និង១២នាទីរសៀល ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក
            ថ្ងៃសុក្រ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ២០១១ ជាវារៈវ័នបត
            ថ្ងៃសៅរ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ២០១១ នៅវេលាម៉ោង ១៥ និង៣០នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះ ត្រីស័ក ចុល្លសករាជ១៣៧៣ និងមហាសករាជ ១៩៣៣តទៅ។
            ក្នុងកំឡុងវេលាសង្រ្កាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំ គុំគួន ព្យាបាលឈ្នានីស ដែលកើត មានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសា ធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្តាប់ទទួលទេវតា
            រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតា នៅខាងមុខ ផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬបៃតង ហើយរៀប បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ា ឆាមមួយគូ ស្លាធម៌មួយគូ ទឺកអប់មួយគូ (ទៀន៥ ធូប៥) លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំ នេះគួររកសណ្តែក និងល្ង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា៕

ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆ្នាំ២០១១ ដោយអ៊ឹម បុរិន្ទ