photo promote.jpg

Taxi ខ្មោច

           ប្រហែលជាអ្នកមិនធ្លាប់ដែលបានលឺនោះទេថា នៅប្រទេសយើងមាន Taxi សម្រាប់ដឹកខ្មោច ដែរនោះ......តែនេះគឺជាការវិលត្រឡប់ទៅកាន់រាត្រីដ៏សែនរន្ធត់ និង ពោរពេញទៅដោយភាពភ័យខ្លាច មិនអាចបំភ្លេចបានដែលខ្ញុំនឹងពូ របស់ខ្ញុំបានជួបផ្ទាល់នឹងភ្នែក.....!!!!
           ម៉ោងប្រមាណជា៩យប់ទៅហើយ........រលឹមផ្សែងក្រូចនៅតែបន្តមកឥតដាច់គ្រាប់ ទាញបរិយាកាស នារាត្រីនេះឱ្យរឹតតែត្រជាក់ស្រៀវឆ្អឹងខ្នង។ ខ្ញុំនឹងពូរបស់ខ្ញុំទើបតែត្រឡប់មកពីជប់លៀងឯផ្ទះមាខ្ញុំ នៅខេត្ត កំពង់ចាម។      តាមដងផ្លូវដ៏ សែនស្ងាត់នេះ អ្វីៗស្ថិតនៅក្នុងភាពងងឹតអាប់អួររកមើលអ្វីមិនធ្លុះ សូម្បីតែផ្កាយ រាសីបស់ខ្ញុំក៏មិនឃើញរះសោះនារាត្រីនេះ។ ប្រអប់គ្មានវិញ្ញាណចេះតែរំកិលខ្លួនទៅមុខជាលំដាប់ក្រោម សូរ្យសៀងតន្ត្រីដ៏ពិរោះនៃបទ “ ខ្លងខែកហែកលោក ” គួរណាស់តែខ្ញុំបណ្តែតអារម្មណ៍យ៉ាងសប្បាយចិត្ត តែមានឯណាខ្ញុំក៏យកដៃទាញបិទកាសែតនោះជាបន្ទាន់។     ពូខ្ញុំដែលកំពុងតែស្លុងអារម្មណ៍នឹងបទចម្រៀង នេះ ងាកមុខមករកខ្ញុំហើយនិយាយ “ ម៉េចបិទធ្វើអី មករា? ពូកំពុងតែពិរោះផង ” ថារួច គាត់ក៏ឈោងដៃ បម្រុងនឹងបើកបន្តបទនោះទៀត តែខ្ញុំក៏ក្រវាសដៃគាត់ចេញហើយពោលថា “មិនបាច់បើកទេ យប់ស្ងាត់ ហើយត្រជាក់ទៀត  ស្តាប់បទនឹងទៅវាដូចជាព្រឺរោមម៉េចមិនដឹងទេ វា...វា...វា...ចេះតែនឹកឃើញ....!” គាត់តប “ ស្អី ចាស់ក្បាលប៉ុនអ្ហែងហើយនៅខ្លាចខ្មោចទៀតអ្ហា  ធ្វើប្រុសមិនត្រូវកំសាកនោះទេ! ហើយម៉្យាងទៀតអ្ហា ក្នុងលោកនេះវា គ្មានខ្មោចផង ” លឺសម្តីនេះខ្ញុំក៏ខិតកាន់តែជិតទៅរកគាត់ “ អញ្ចឹងពូអត់ខ្លាចខ្មោចទេអ្ហ៎?” “អញបន់ឱ្យតែវាលងផង តែវា គ្មានអាខ្មោចសំគីសណាវាចេញមុខមកលងអញសោះ ។      អញធ្លាប់នៅវត្ត អញដឹង គេថានៅចេតិយពេលយប់មានខ្មោច ចេញលង គេខ្លាចមិនហ៊ានចេញពីកុដិផង តែអញធ្លាប់ទៅ អង្គុយចាំទៀតមិនមានអាអម្បែងក្បាលណា អើតកចេញមុខមក សោះ...” “ ក្លាហានម្លឹងផងពូខ្ញុំ! ” “ ខ្មោចណា វាកើតពីអារម្មណ៍យើងទេ ព្រោះតែការស្រម៉ៃថាខ្លាចនោះឯងទើបវាលេចចេញជារូបភាពផ្សេងៗបែបនឹងមក ដែលយើងសន្មតវាថាជាខ្មោចព្រាយអសុរកាយនោះ បើកាលណាយើងមិនគិត យើងក៏មិនខ្លាចដែរ” ខ្ញុំអង្គុយស្តាប់ពាក្យគាត់ទាំងច្រហរមាត់ធ្លុង ខ្ញុំតែងតែគិតពីភាពក្អេងក្អាងរបស់គាត់នេះថា តើបើជួបមែន គាត់នឹងធ្វើមុខយ៉ាងម៉េចទៅ? ខ្ញុំដកដង្ហើមចូលមួយហើយបញ្ចោញភាពតានតឹងទាំងប៉ុន្មានចេញមក ហើយ ងាកទៅមើល ភាពងងឹតនៃអំណាចអន្ធិកាខាងក្រៅកញ្ចក់ឡាន ។     អ្វីៗស្ថិតនៅក្នុងភាពស្ងាត់ស្ងៀមមួយ ស្របក់ធំ សម្លេងក្អាត់ សម្លេងចង្រិតដែលយំលាន់រំពងពេញវាលស្រែ បានចូលខ្លួនមកជំនួសការសន្ទនា រវាងខ្ញុំនឹងពូរបស់ខ្ញុំ ដែលអម្បាញ់មិញនៅវ៉ែនៅ ឡើយ ។       ធ្មេចបើកៗ យើងបានបើកហួសមកដល់ វត្តមួយ ដែលល្បីខ្លាំងមែនទែនខាងខ្មោចលង ខ្ញុំលួចលេបទឹកមាត់ក្អឹក ហើយខិតចូលកាន់តែជិតពូខ្ញុំ ។    ឃើញបែប នេះពូរបស់ខ្ញុំក៏លួចសើច តែទំនងជាមិនចង់អោយខ្ញុំឃើញទើបគាត់ងាកមុខទៅ ម្ខាងទៅ ។     ស្រាប់តែពេល នោះ ........ ងឺត....ងឺត....!!!!សូរជាន់ហ្វ្រាំងរបស់ពូខ្ញុំបានលាន់ឡើងយ៉ាងខ្លាំង ។       ខ្ញុំបោកក្បាលមួយទំហឹង ទៅនឹងកញ្ចក់ឡាន ពកហើមមួយដំធំក្រហមរលោង ។ ខ្ញុំសួរគាត់ទាំងស៊ើងមម៉ើង “ ម៉េចពូបើកឡានអ៊ីចឹង? ប៊ីសបែកក្បាលខ្ញុំហើយនេះ....អ៊ូយ!” “ មិនដឹងជាគោអាណាគេទេ មិនចាប់ចូលក្រោលឱ្យរត់ពេញតែផ្លូវ គេកំពុងបើកបរ ” “គោ?”ខ្ញុំលាន់មាត់ឡើង ពូខ្ញុំនៅតែរអ៊ូរហឹមៗ រួចក៏បន្តដំណើរទៅមុខទៀត ។  ម្តងនេះខ្ញុំមាន អារម្មណ៍រឹតតែមិនស្រួល ឡើង ខ្ញុំចេះតែនឹកឃើញពីអ្វីដែលយាយតាខ្ញុំបាននិទានប្រាប់ តែខ្ញុំមិនបាននិយាយ អ្វីទៅកាន់ពូរបស់ខ្ញុំឡើយ ។     ខ្ញុំហាក់ខំបិទភ្នែកដើម្បីឱ្យគេងលក់ តែមិនងងុយសោះ វាដូចជាមានអ្វីមក ទាញភ្នែកខ្ញុំមិនឱ្យបិទទាល់តែសោះ ។     ខ្ញុំលួចដកដង្ហើមធំ បួនដប់ដង រំសាយចោលទៅតាមសូរខ្យល់ ដែលកំពុងតែថ្ងួចថ្ងូរខាងក្រៅឡាន ។   ខ្ញុំងាកទៅរកពូខ្ញុំក្រែងគាត់ងងុយ នឹង អាលខ្ញុំដូរដៃចង្កូតម្តង ពេល ត្រឡប់ភ្នែកមកវិញខ្ញុំក៏បានប្រទះឃើញអ្វីមួយសស្កុះមួយដុំនៅខាងមុខ ។  ខ្ញុំឈ្លីភ្នែកពីរទៅបីដងហើយមើល ទៅយ៉ាងយកចិត្តទុកដាក់ ក៏ឃើញក្រុមមនុស្សមានចាស់មានក្មេង៧-៨នាក់ អង្គុយត្រៀបត្រាឯចិញ្ចើមថ្នល់ ហើយមាននារីម្នាក់កំពុងតែបោយដៃហៅឡានរបស់ពូខ្ញុំឱ្យឈប់ ។ ខ្ញុំយកដៃកេះពូរបស់ខ្ញុំឱ្យមើលទៅពួកគេ ក្រែងគាត់ មិនឃើញ ពេលនោះពូខ្ញុំក៏បានឈប់ឡានង៉ក់ ក្បែរអ្នកទាំងនោះ ។     យើងបានចុះទៅសួរពួកគេ ទាំងនោះថា តើហេតុអ្វីបាន ជាយប់ថ្មើរនេះហើយ មកអង្គុយចាំឡានបែបនេះទៅវិញ ? នារីនោះបានតបថា ពួកគេទើបតែមកពីបុណ្យ តែត្រូវឡានខូច ទើបគេយកឡានទៅជួសជុលបាត់ទៅ បន្សល់ឱ្យពួកគេត្រូវរង់ចាំ តាំងតែម៉ោង៧ល្ងាចម៉្លេះ ។ ពូខ្ញុំសួរនារីនោះពីផ្ទះសម្បែង របស់ពួកគេ លុះដឹងថាស្របផ្លូវជាមួយគ្នាហើយ ពូខ្ញុំក៏ហៅអ្នកទាំងនោះឡើងជិះលើឡាន ។ ពេលនោះខ្ញុំហាក់ដូចជាចាប់អារម្មណ៍ជាខ្លាំងព្រោះថា ពេលដែលនារីម្នាក់នោះឡើងលើឡាន ខ្ញុំរាប់ម្រាមដៃនាងបានតែប្រាំបួនគត់ ។ អារម្មណ៍ភ័យមួយ បានកើតឡើងភ្លាម តែវាមិនមែនភ័យស្លន់ស្លោនោះទេ ព្រោះមានគំនិតមួយទៀតបានផុសថ្កោលចំពោះ រូបខ្ញុំថា ប្រហែលនាងកំបុតម្រាមពីកំណើតទេដឹង? រួចខ្ញុំក៏ចូលឡានទៅ ។ អ្វីៗនៅតែវិលក្នុងខួរខ្ញុំ ខ្ញុំលួច មើលពួកគេនោះតាមកញ្ចក់ ដែលដាក់មើលពីខាងមុខ ស្រាប់តែមិនឃើញនរណាម្នាក់សោះ ខ្ញុំភ្ញាក់ព្រើតងាក យ៉ាងរហ័សទៅក្រោយក៏ឃើញនារីនោះ ញញឹមលាក់គំនួច ហើយធ្វើភ្នែកយ៉ាងស្រទន់តែបង្កប់ដោយភាព កាចសាហាវសម្លឹងមករកខ្ញុំ ។ ខ្ញុំចាប់ផ្តើមជឿបន្តិចម្តងៗ ហើយថាវាដូចជាមានលក្ខណៈដែលអាចវិភាគថា ជាខ្មោចបាន ខ្ញុំចាប់ផ្តើមបែកញើសជោកខ្លួន ពូខ្ញុំសួរថាខ្ញុំកើតអីដែររឺទេ? ខ្ញុំមិនឆ្លើយអ្វីបានត្រឹមតែក្រវី ក្បាលប៉ុណ្ណោះ ។ អ្វីដែលខ្ញុំសម្គាល់បានទៀតនោះគឺថាចាប់ពីពេលដែលពួកគេឡើងលើឡានមក ឡាននេះ ហាក់ដូចជាត្រជាក់ខុសពីធម្មតា ពេលខ្លះមានធុំក្លិនអសោចមកភាយៗទៀតផង ។ អារម្មណ៍ខ្ញុំវិលវល់រក គោលដៅគ្មាន បញ្ហាជាច្រើនជំពូកកំពុងហោះហើរពេញខួរក្បាលខ្ញុំ ។ វ៉ាស....ស្ទើរលោះព្រលឹង ដៃដ៏ត្រជាក់ស្រឹបបានវាយស្មាខ្ញុំមួយទំហឹង ខ្ញុំងាកទៅរកម្ចាស់ដៃនោះ ក៏ភ្ញាក់ក្រញាង ។ ពូខ្ញុំបន្ទោស “ ស្អីភ័យមើលតែត្រូវខ្មោចលងអញ្ចឹង! នេះទូរស័ព្ទគេតេមក ទទួលទៅ!” ខ្ញុំលើកដៃទៅទទួលទូរស័ព្ទ ដោយបាញ់កន្ទុយុភ្នែកទៅនារីម្នាក់នោះ ឃើញនាងសម្លឹងថ្លែមករក ខ្ញុំទាំងមុខមាំ ហាក់គំនុំតាំងពីរជ្ជកាល ណាមកអញ្ចឹង ។   ដៃខ្ញុំញ័រទទ្រើក កាន់ទូរស័ព្ទមិនជាប់ក៏ធ្លាក់ទៅក្រោមជើងខ្ញុំ ខ្ញុំក៏ ឱនក្បាលទៅរើស ទូរស័ព្ទប្រលោះជើងខ្ញុំនោះ ។ ផ៉ាំង......ដូចជាគេបាញ់ត្រូវក្បាលខ្ញុំ រូបភាពដ៏គួរអោយរន្ធត់មួយបានកើត ឡើងចំពោះភ្នែកទាំងគូរបស់ខ្ញុំ ។ ខ្ញុំសឹងតែមិនជឿសោះថានារីនឹងមនុស្សចាស់៧-៨នាក់នោះបានប្រែ រូបភាពជារបស់ ផ្សេងដ៏គួរអោយស្លុតបែបនេះ ។    នារីដែលដំបូងមើលទៅស្រស់ស្អាតនោះ បានប្រែរូបទៅ ជាយាយចាស់ដូចម៉ើមយ៉ិនស៊ិន ពាន់ឆ្នាំ សក់នាងវែងអន្លាយក្រាលគ្របស្មាទាំងគូ កែវភ្នែកដែលខ្មៅស្រិល បានប្រែជាក្រហមឆ្អាល លៀនចេញមកប៉ុនៗពង មាន់ ស្បែកមុខដែលរលួយហូរខ្ទុះរហាច មានដង្កូវវឹកៗ រោមស៊ីជាចំណីគួរឱ្យចង់ក្អួត ឯប៉ុន្មាននាក់ទៀតនោះមានខ្លះដាច់ក ខ្លះដាច់ពាក់កណ្តាលខ្លួន ខ្លះពរកូន យំរហឹម ខ្លះលៀនអណ្តាតក្រហមយ៉ាងវែងលិតដំបៅគ្នាទៅវិញទៅមកគួរអោយរអើម ក្រៃណា ។ បេះដូងខ្ញុំ លោតញាប់ខុសចង្វាក់ជាងជួបស្នេហ៍លើកដំបូងទៅទៀត ខ្ញុំងើបមុខឡើងទាំងស្លេកបបូរមាត់ ។ រោម គីង្គក់បាស់ច្រោងច្រាង ខ្ញុំញ័តមាត់ទទ្រើករកនិយាយអ្វីទៅកាន់ពូខ្ញុំមិនកើតសោះ បានត្រឹមតែដកដង្ហើមយ៉ាង ញាប់ផ្អែកក្បាលនឹងកៅអីឡាន ។ ភ្នែកខ្ញុំក្រឡាប់ចុះក្រឡាប់ឡើង ក៏ប្រទះនឹងវត្តមួយនៅខាងមុខ ខ្ញុំអរណាស់ក៏ប្រាប់ពូខ្ញុំបើក ឡានសំដៅចូលទៅ ។    ពូខ្ញុំប្រកែកញាញថាមិនចូលទេ ព្រោះយប់កាន់ តែជ្រៅណាស់ទៅហើយ ។ ខ្ញុំរកលេសថាខ្ញុំស្គាល់ មិត្តម្នាក់គេបួសនៅវត្តនេះចង់ចូលសួរសុខទុក្ខគេលេង ពូខ្ញុំមិនតបអ្វី រួចគាត់ក៏បើកឡានអែបក្លោងទ្វារវត្តនោះ ។ មិនទាន់ ស្អីផងខ្ញុំស្ទុះយ៉ាងលឿនរត់ចូលវត្តនោះ ហើយក៏បានចូលទៅក្រាបបង្គំព្រះសង្ឃរាជមួយអង្គនាម គង់ ហើយទូលទៅតាម ដំណើររឿងទាំងប៉ុន្មាន ។ ចប់ហើ់យ ព្រះសង្ឃរាជគង់អមទៅដោយភិក្ខុជាច្រើនអង្គទៀតក៏បាននិមន្តចេញមកដល់ក្រៅរបងវត្ត ពូខ្ញុំ ឃើញដូចនេះក៏ចេញពីក្នុងឡានមកហើយគំនាប់តាមសមគួរ រួចក៏សួរខ្ញុំថាមានរឿងអ្វី? ខ្ញុំមិនបានឆ្លើយអ្វីទាំង អស់ ខ្ញុំនៅឈរជាប់យ៉ាងស្អិតនឹងព្រះសង្ឃអង្គនោះ ដែលធ្វើឱ្យពូខ្ញុំឆ្ងល់រឹតតែខ្លាំង ។    ដោយមិនចង់ អោយពូខ្ញុំឆ្ងល់ច្រើន ព្រះអង្គគង់ក៏ឈោងដៃបេះស្លឹកអ្វីមិនដឹងទេ មកឈ្លីផ្លំៗ ហើយលាបភ្នែកទាំងគូ របស់ពូ ខ្ញុំហើយឱ្យមើលទៅក្នុងឡាននោះ ។ ពូខ្ញុំងាកមើលទៅក៏ឃើញទិដ្ឋភាពបែបនោះមែន គាត់សន្លប់ភីងផ្កាប់មុខ នឹងដីទៅ ខ្ញុំរួមនឹងភិក្ខុប៉ុន្មាននាក់ក៏គ្រាហ៍គាត់ ទៅដាក់នឹងកុដិរបស់ព្រះសង្ឃរាជគង់ទៅ ។ យើងបាន សុំព្រះអង្គស្នាក់នៅទីនោះមួយយប់ លោកក៏អនុញ្ញាត តែយប់នោះ ខ្ញុំគេងមិនលក់សោះ នឹកឃើញ ទិដ្ឋភាពកំបុតក្បាលនៅថ្មីៗពេញភ្នែកទាំងគូ ។ ព្រឹកឡើងព្រះអង្គក៏សូត្រសេកមន្តរំដោះ គ្រោះទាំងមនុស្ស ទាំងឡាន រួចហើយយើងក៏សុំលាតេជគុណត្រឡប់មកផ្ទះវិញ ។ ចាប់ពីពេលនោះមកពូរបស់ខ្ញុំស្បថ លែង ហ៊ានអឿជាមួយខ្មោចទៀតហើយ បទពិសោធន៍យប់នេះធ្វើឱ្យគាត់ឈឺរហូតជ្រុះសក់ ហើយលក់ឡាន ចោលលែងរត់ឈ្នួលតទៅទៀតដែរ ព្រោះគាត់មិនចង់ធ្វើអ្នករត់ Taxi ឱ្យខ្មោចទេ ។ ចុះអ្នក វិញតើហ៊ានធ្វើអ្នករត់ Taxi ខ្មោចដែររឺទេ ?
ដោយយ៉ែម មករា