photo promote.jpg

ប្រាសាទសំបូរព្រៃគុក



ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចំងាយ២៥គ.ម ពីទី រួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុកជារាជធានីចាស់បុរាណ ឈ្មោះ ឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់​ ដែលលំអរដោយចំលាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសរសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។
ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ។
រមណីដ្ឋានសំបូរព្រៃគុក ចែកចេញជា៤ក្រុមធំៗគឺ៖
១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង៤មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្ស ទី៩។
៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង៤ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
៤.ក្រុមប្រាសាទក្រោរមាសៈ មានទីតាំងនៅខាងជើងចំងាយ ២គ.ម ពីប្រាសាទសំបូរព្រៃគុក មានតួប្រាសាទ តូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។
ដើម្បីការពារតំបន់ប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេបានកំណត់៣តំបន់ សម្រាប់ការពារ ដូចជា៖
·         តំបន់ទី១ ចំងាយ៣០ម ព័ទ្ធជុំវិញកំពែងខាងក្រៅ ឬក្រៅមាត់ស្រះ
·         តំបន់ទី២ ចំងាយ៣០០ម ព័ទ្ធជុំវិញតំបន់ទី១
·         តំបន់ទី៣ ចំងាយ១៥០០ម ព័ទ្ធជុំវិញតំបន់ទី២ ។

ប្រាសាទតោ

ទ្វាបញ្ឆោត និងផ្តែរ

ទ្វាចូលកំពែងហ៊ុំព័ទ្ធដោយរុក្ខជាតិ

 ប្រាសាទនៅសំបូរព្រៃគុក