photo promote.jpg

ប្រាសាទភ្នំដា



ប្រាសាទភ្នំដាមានទីតាំងនៅលើភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ស្ថិតនៅខាងកើត ទីរួមខេត្តដែលជាភូមិសាស្រ្តលិចទឹក៦ខែ និងគោក៦ខែ មានចំងាយ១០២គ.មពីភ្នំពេញ និង២៤គ.ម ពីទីរួម ខេត្តតាកែវ តាមផ្លូវទឹកព្រែកជីក។

ប្រាសាទភ្នំដាស្ថាបនាលើកូនភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលជាដោយព្រះមហាក្សត្រដែលគ្រងរាជ នៅចុងសម័យនគរភ្នំ ព្រះនាមរុទ្រវរ្ម័ន តាមការបញ្ជាក់របស់លោកមីប្រីណូ ប្រវត្តិវិទូបារាំង។ ប្រាសាទភ្នំនេះធ្វើ អំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំផែងព័ទ្ធជុំវិញទេ ហើយបែរមុខឆ្ពោះទៅទិសខាងជើង កំពូលប្រាសាទ ត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនាជារឿងកូរសមុទ្រទឹកដោះ ក៏បាក់បែកជាពីរផ្នែកមួយទៀតបង្ហាញពី ព្រះវិស្ណុកំពុងផ្ទុំ។ ប្រាសាទនេះមានរាងជាការ៉េ ទំហំ១២មx១២ម កំពស់១៨ម មានទ្វារ៤ ក្នុងនោះទ្វារពិតមួយ និង ទ្វារបញ្ជោតបី បែរមុខទៅទិសខាងជើងសំដៅរាជធានី នគរគោកធ្លក។
នៅតាមចង្កេះភ្នំ មានរូងសិប្បនិមិត្តចំនួន៥ ដែលបង្ហាញពីរចនាភ្នំដា កសាងឡើងមានលក្ខណៈប្រហាក់ ប្រហែលគ្នាទៅនឹងរចនាបទនៅប្រទេសឥណ្ឌា។ នៅក្នុងរូងនោះមានលិង្គ និងយោនី ជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ ព្រាហ្មណ៍សាសនា។

នៅប៉ែកនិរតីនៃប្រាសាទភ្នំដាចំងាយប្រមាណ ៣០០ម មានប្រាសាទមួយទៀតដែលស្ថាបនាអំពីថ្មពពុះ ពីរជាន់បែរមុខទៅរកទិសខាងជើង មានទ្វារពីរ និងបង្អួច៥ តាមរចនាបទបែបឥណ្ឌាមានឈ្មោះ អាស្រមមហាឥសី ដែលបានកសាងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ នៅសម័យចេនឡា នាចុងសតវត្សទី៦។ ប្រាសាទអាស្រមមហាឥសី មានទំហំ៥.៥មx៥.៥ម និងមានកំពស់៧ម។


ប្រាសាទភ្នំដា


ប្រាសាទអាស្រមមហាឥសី


រូងភ្នំលើភ្នំដា