photo promote.jpg

បណ្តាំពុកខ្ញុំ



១.មាសអើយមាសពុក                 ពុកតែងទំនុក                 ទុកជាបណ្តាំ
ចូរអ្នកត្រង់ត្រាប់                         ស្តាប់ហើយត្រូវចាំ           ទោះរយខែឆ្នាំ
ពុកផ្តាំអ្នកថ្លៃ។
២.ពូជយើងអ្នកក្រ                       ជាច្រើនដំណរ                តមកក្រាស់ក្រៃ
ពុកផ្ញើរនឹងនួន                            មាសស្ងួនប្រុសថ្លៃ           ប្រែពូជនិស្ស័យ
ឲ្យបានថ្កើងថ្កាន។
៣.កូនអើយអ្នកអត់                      អ្នកក្រអ្នកខ្សត់                គ្មានគេរាប់អាន
ដល់មុខផ្ទះគេ                             ព្រួតជេរព្រឺប្រាណ           គេខ្លាចល្អក់ល្អាន
ខ្ចីទ្រព្យគេឆី។
៤.មើលគេបានរៀន                     គេមិនអត់ឃ្លាន              បានធ្វើកុង្សីយ៍
រូបពុកស្តាយខ្លួន                         ណាស់នួនពិសី               របបអប្រិយ៍
ប្រល័យវាសនា។
៥កូនអើយត្រូវខំ                         ចំនេះចេះចំ                    មិនបង់អសារ
ត្បិតខ្លួនយើងក្រ                         ត្រដរវាសនា                   ចរចែងចាត់ចារ
ពឹងលើខ្លួនយើង។
៦.ត្រូវរៀនរៀបឬក                      ពៅអើយរលឹក                កុំពឹកជំពើង
ថោកអីនឹងដៃ                             ថោកអីនឹងជើង               កូនអើយពូជយើង
ក្រមែនតែស្មោះ។
៧.ឱ!កូនជីវ៉ា                               អ្នកមានវាសនា               កុំលេងឡេះឡោះ
ត្រូវប្រឹងតាំងខ្លួន                          ខ្ជាប់ខ្ជួនឥតខ្ចោះ             ជីវិតគ្មានសោះ
ភ្នក់ភ្លើងទាំងបី។
៨.ពាក្យចាស់លោកថា                 ភ្លើងមួយគឺស្រា               ភ្លើងពីរគឺស្រី
ឯភ្លើងមួយទៀត                         បៀរប៉ោល្បែងក្តី              ពុំដែលឃើញអ្វី
ចម្រើនខ្លួនទេ។
៩.ធម្មតារឿងល្បែង                     ជួនគេចាញ់ឯង               វាតែងនឹងរេ
ថ្ងៃស្អែកវិលវិញ                          ក្រែងឯងចាញ់គេ             វីវក់វឹកវេរ
កុំថាឯងល្បី។
១០.ស្រាវិញដូចគ្នា                      ចូលគ្មានទំពារ                មិននឹកនាឆី
មកដល់ផ្ទះវិញ                            ប្រពន្ធជេរស្តី                   ថាឯងជាប្តី
គ្មានតម្លៃសោះ។
១១.ចំនែកស្រីវិញ                       នាំកូនទោម្នេញ               ជីវិតក្រៀមក្រោះ
ចង់ច្រើនកាលណា                      សុខាត្រូវខ្សោះ                អ្នកអើយត្រូវស្មោះ
ចិត្តមួយថ្លើមមួយ។
១២.ពុកគ្មានទ្រព្យអ្នី                     ក្រៅពីសម្តី                     ស្ទុះស្ទារលើកស្ទួយ
ផ្តាំកូនប៉ុណ្ណេះ                             មាសអើយអ្នកជួយ          ប្រែពូជយើងមួយ
ឲ្យបានថ្កើងថ្កាង។

ដោយសន ឧត្តម