photo promote.jpg

ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ

 ដោយ​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​អស់​បាន​មូល​មតិ​ និង​ផ្ដល់​ព័ត៌មាន​ដូច​គ្នា​ថា ព្រះរាជធានី​ទី​២​របស់​ព្រះស្ដេច​កន​គឺ​ ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ខេត្ត​កំពង់ចាម ។ ប៉ុន្តែ​កន្លែង​ទីតាំង​ពិត​ប្រាកដ​រាជធានី​ពុំ​មាន​អ្នក​ស្រាវជ្រាវ ឬ​អ្នក​ប្រវត្តិវិទូ​ណា​ម្នាក់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ។
ក្នុង ​ការ​ស្រាវជ្រាវ​ផ្សេងៗ​ អ្នកប្រវត្តិវិទូ​តែង​តែ​សំអាង​ទៅ​លើ​ឯកសារ តែ​ពុំ​សូវ​ដែល​បាន​ទៅ​ផ្ទៀងផ្ទាត់​លើ​ទឹកដី​ឡើយ ។ ឯ​បញ្ហា​ព្រះរាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ក៏​ស្ថិត​នៅ​ក្នុង​ករណី​ នេះ​ផង​ដែរ​គឺ​ម្នាក់ៗ​សំអាង​ទៅ​លើ​ការ​អះអាង​កត់​ត្រា​របស់​អ្នក​ ស្រាវជ្រាវ​បារាំង អាឌេម៉ារ ឡឺក្លែរ ដែល​បាន​សរសេរ​ជាអាទិ៍ ៖
«ក្រុង ​ស្រឡប់ព្រៃនគរ​បុរៈ​រាជធានី​ស្ថិត​នៅ​ទិស​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា​២២​គីឡូម៉ែត្រ​ពី​លំនៅស្ថាន​ចៅហ្វាយ​ខេត្ត​ ព្រៃវែង នៅ​លើ​ខ្ពង់រាប​ខ្ពស់​មួយ ។»

វិធីសាស្ត្រ​ស្រាវជ្រាវ

ដំណាក់កាល​ទី​១: យើង ​សំអាង​ និង​មាន​ជំនឿ​ទៅ​លើ​ការ​កត់ត្រា​របស់​លោក អាឌេម៉ារ ឡឺក្លែរ ដោយ​បាន​ទៅ​សិក្សា​ធ្វើការ​ស៊ើបអង្កេត​នៅ​លើ​ទឹកដី​ខេត្ត​ព្រៃវែង​អស់​រយៈ​ ពេល​យូរ​ជាច្រើន​ដង យើង​នៅ​តែ​រក​មិន​ឃើញ​តាម​ឯកសារ​ខាងលើ ។
ដំណាក់កាល​ទី​២: យើង​ប្រមូល​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ជាពិសេស ពង្សាវតារ​គណៈកម្មការ​សម្ដេច​វាំង ជួន ពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ឯកសារ​មហាបុរស​ខ្មែរ​ដែល​រៀបរៀង​ដោយ​លោក អេង សុត និង ​ឯកសារ​បរទេស​មួយ​ចំនួន ជា​ពិសេស ស្នាដៃ​និពន្ធ​របស់​លោក ឡឺក្លែរ ដើម្បី​យក​មក​សិក្សា​ពិនិត្យ​ប្រៀបធៀប​មួយ​ម្ដងៗ រក​អ្វី​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​អាច​បង្ហាញ​ប្រាប់​អំពី​ទីតាំង​ ភូមិសាស្ត្រ​ពិត​ប្រាកដ​នៃ​ព្រះរាជធានី​ស្រឡប់ដូនតី​ពិជ័យព្រៃនគរ​របស់​ ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩ ។
ដំណាក់កាល​ទី​៣: យើង ​ស្រង់​យក​ឈ្មោះ​មនុស្ស និង​ភូមិសាស្ត្រ​ដែល​មាន​ទាំង​ប៉ុន្មាន​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មក​ ជ្រើស​រើស ហើយ​យក​ទៅ​ផ្ទៀងផ្ទាត់​ប្រៀប​ផ្ទឹម​ជាមួយ​ឈ្មោះ ខេត្ត ស្រុក ឃុំ ភូមិ និង​ទីតាំង​ផ្សេងៗ​ដែល​មាន​នៅ​លើ​ផែនទី​ខេត្ត​កំពង់ចាម ជា​ពិសេស​ស្រុក​ត្បូងឃ្មុំ​តែ​ម្ដង ។
ខណៈ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ភូមសាស្ត្រ​ភូមិ​ស្រឡប់ ភូមិ​ដូនតី ភូមិ​ព្រៃនគរក្នុង ភូមិ​ព្រៃនគរក្រៅ និង​ឈ្មោះ​ទីតាំង​ផ្សេងៗ​ទៀត​នៅ​ជិត​គ្នា​នោះ​ដែល​មាន​លក្ខណៈ​សមស្រប​ឆ្លើយ​ ឆ្លង​ស៊ីគ្នា ។ មិន​តែ​ប៉ុណ្ណោះ រូបភាព​កំពែង​ដី​រាង​៤​ជ្រុង​លើ​ផែនទី​ដែល​លើក​ឡើង​ចំ​កណ្ដាល​ភូមិ​ទាំង​បី​ ខាងលើ​ជំរុញ​ឲ្យ​យើង​យល់​ដឹង និង​ដាក់​ជា​ទស្សនទាន​ថា កន្លែង​នេះ​ពិត​ជា​រាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ។
ដំណាក់កាល​ទី​៤: យើង​បាន​ចុះ​ទៅ​ដល់​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ឬ​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ធ្វើ​ការ​សាកសួរ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ស្រុក អ្នក​ភូមិ ព្រះសង្ឃ ស្វែង​រក​វត្ថុ​តឹកតាង និង​ភ័ស្តុតាង​ទាំងឡាយ​ណា​ដែល​អាច​យក​មក​ធ្វើ​ជា​គោល​សម្រាប់​សម្គាល់​ ទ្រង់ទ្រាយ​ព្រះរាជធានី ។
បន្ទាយ ​ព្រៃនគរ​ដែល​មាន​កំពែង​ដី​ក្រាស់​ខ្ពស់​រាង​៤​ជ្រុង​ដែល​យើង​បាន​ឃើញ​នៅ​ មុខ​ទ្វារ​មាន​ភិនភាគ​ដូច​បេះ​បិទ​នឹង​ការ​ពិពណ៌នា​ក្នុង​ឯកសារ​ ប្រវត្តិសាស្ត្រ​ខ្មែរ ។
នេះ ​គឺ​ពិតជា​ព្រះរាជធានី​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន (ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ) ដែល​យើង​បាន​រក​ឃើញ​នៅ​ចុង​ឆ្នាំ​២០០០ ។ ឯ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ គឺ​ខុស​ស្រឡះ​ពី​ការ​សរសេរ​របស់​លោក​ អាឌេម៉ារ ឡឺក្លែរ ដែល​បញ្ជាក់​បាន​ថា លោក​ក៏​មិន​ដែល​ស្គាល់​ព្រះរាជធានី​ទី​ពីរ​របស់​ព្រះស្ដេច​កន​នៅ​ទីណា​ដែរ គឺ​លោក​បាន​ត្រឹម​តែ​កត់ត្រា​ចងក្រង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​អ្នក​ផ្សេង​ តែ​ប៉ុណ្ណោះ ។
រូបភាព​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម តាម​រយៈ​ផ្កាយរណប
រូបភាព​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម តាម​រយៈ​ផ្កាយរណប
រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប
រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប
រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប
 រូបភាព​រាជធានី​ស្រឡប់ដូនតី​ពិជ័យ​ព្រៃនគរ តាម​រយៈ​ផ្កាយរណប

ទិដ្ឋភាព​បច្ចុប្បន្ន

ដើម្បី​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ គេ​ត្រូវ​បើកបរ​យក​ផ្លូវ​ជាតិ​លេខ​៧​ឆ្ពោះ​ទៅ​ទីក្រុង​ខេត្ត​កំពង់ចាម ឆ្លង​ទន្លេ​ធំ​ទៅ​ដល់​ទីប្រជុំ​ជន​សួង រួច​ហើយ​បន្ត​ទៅ​ភូមិ​ត្រពាំងខ្នា ។ មក​ដល់​ភូមិ​ត្រពាំងខ្នា យើង​បត់​ទៅ​ស្នាំ ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​មួយ​សម្ដៅ​ទៅ​ទិស​ខាងត្បូង ។ ១០​គីឡូម៉ែត្រ​ ក្រោយ​មក យើង​ទៅ​ដល់​ទីតាំង​មួយ​ដែល​មាន​កំពែង​ដី​ខ្ពស់​វែង ដេក​ស្តូកស្ដឹង​សណ្ដូក​ជើង​ពី​កើត​ទៅ​លិច បាំង​បិទ​ផ្ជិត​ភ្ជាប់​ជើងមេឃ ប្រមាណ​៣០​គីឡូម៉ែត្រ និង​កម្ពស់​ប្រហែល​ជា​ជាង​៤​ម៉ែត្រ ។ នៅ​ជិត​ជុំ​វិញ​រាជធានី​មាន​គូទឹក​ដែល​មាន​ទទឹង​ប្រហែល​ជា​១០០​ម៉ែត្រ ។ គូទឹក​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ទិស​ខាងកើត ខាងត្បូង និង​ខាងលិច ត្រូវ​គោក​រាក់​ដោយ​អន្លើ នេះ​គឺ​ដោយសារ​ដី​កំពែង​បាន​បាក់​ហូរ​ចាក់​ច្រោះ​អស់​រយៈពេល​ជាង​៤០០​ឆ្នាំ​មក​ហើយ ។
ផែនទី​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ផែនទី​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​មាន​ទ្វារ​ចេញចូល​១២ ដោយ​ជ្រុង​នីមួយៗ​នៃ​រាជធានី​មាន​ទ្វារ​ ដូច​ដែល​មាន​កំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មែន ។ យើង​សូម​រំឭក​ថា​ទ្វារ​ទាំង​១២​មាន​ឈ្មោះ ៖
  1. ទ្វារ​ទិស​ខាងកើត (រាប់​ពី​ជើង​ទៅ​ត្បូង): ទ្វារ​ចក្រឯក ទ្វារ​នាង​ជីលែង និង​ទ្វារ​អន្ទាក់ ។
  2. ទ្វារ​ទិស​ខាងត្បូង (រាប់​ពី​កើត​ទៅ​លិច): ទ្វារ​រៀម ទ្វារ​ចចកខាំ និង​ទ្វារ​ទំនប់តាដី ។
  3. ទ្វារ​ខាងលិច (រាប់​ពី​ត្បូង​ទៅ​ជើង): ទា្វរ​ចែនកែ ទ្វារ​ពោធិ៍ធំ និង​ទ្វារ​ភ្លុក ។
  4. ទ្វារ​ខាងជើង (រាប់​ពី​លិច​ទៅ​កើត): ទ្វារ​មាស ទ្វារ​ប្រាជ្ញ និង​ទ្វារ​ត្នោតកល្ប ។
ក្នុង​ចំណោម​ច្រក​ទ្វារ​ទាំង​១២​មាន​តែ​៤​ ទេ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ មាន​ផ្លូវ​ចេញចូល​ទាក់​ទង​គ្នា​ គឺ​មាន​ទ្វារ​២​ផ្នែក​កំពែង​ខាងជើង (ខាងលិច និង​កណ្ដាល) មួយ​ផ្នែក​ខាងកើត​ទ្វារ​ចំកណ្ដាល និង​មួយ​ទៀត​ផ្នែក​ទ្វារ​កណ្ដាល​ដែល​ត​ភ្ជាប់​ទៅ​ឃុំ​ដូនតី ចំណែក​ឯ​ទ្វារ​ប៉ែក​ខាងត្បូង គេ​ពុំ​បាន​ប្រើប្រាស់ ឬ​មាន​ផ្លូវ​ត​ភ្ជាប់​ឡើយ ។
ផែនទី​គំនូស​ព្រាង​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ផែនទី​គំនូស​ព្រាង​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
កន្លែង​ដែល​យើង​ទៅ​ដល់ ដោយ​ចូល​តាម​ភូមិ​ត្រពាំងខ្នា ស្ថិត​នៅ​ចំ​ទ្វារ​ទិស​ខាងជើង​នៃ​រាជធានី ។ ទ្វារ​នេះ​ឈ្មោះ​ ទ្វារមាស ។ កាលណា​យើង​ចូល​ទៅ​ក្នុង​បន្ទាយ​តាម​ផ្លូវ​ទ្វារមាស យើង​ឃើញ​ស្រះ ឬ​ត្រពាំង​មួយ​នៅ​ឆ្វេង​ដៃ ។ ស្រះ​នេះ​មាន​ទទឹង​ប្រហែល​ជា​៥០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​ជា​១០០​ម៉ែត្រ ។ ស្រះ​នោះ​ឈ្មោះ បឹងប្រាក់ 
គេ ​មាន​ជំនឿ​ថា ដើមឡើយ​ស្រះ​នេះ​ជា​កន្លែង​ស័ក្តិសិទ្ធិ​ដែល​គេ​តែង​តែ​មក​សុំ​ខ្ចី​ចាន​ ឆ្នាំង​ និង​របស់​របរ​ផ្សេងទៀត​សម្រាប់​យក​ទៅ​រៀប​ចំ​ពិធីបុណ្យ ។ ជារៀងរាល់​លើក អ្នក​សច្ចំ អ្នកត្រង់​បារមី ឬ​អ្នក​ល្ងិត​នៅ​ទីនោះ​តែង​តែ​ឲ្យ​ខ្ចី​ជានិច្ចកាល ។ គេ​ដំណាល​ទៀត​ថា ជារៀងរាល់​ថ្ងៃសីល​នៅ​ទី​នោះ គេ​មាន​ឮ​សូរ​សម្លេង​ភ្លេង​ពិណពាទ្យ​ប្រគំ​រងំ​ជា​ប្រចាំ ។ ស្រះ​នេះ​អាច​ជា​ស្រះ​ដែល​ព្រះស្ដេច​កន​បាន​ធ្លាប់​ត្រាស់​បង្គាប់​ឲ្យ​ មន្ត្រី​ចតុស្ដម្ភ​នាំ​គ្នា​ជីក​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជានុរាស្ត្រ ។ ក្រៅ​អំពី​នេះ នៅ​ហូរហែ​ជាប់​នោះ​ដែរ គេ​កត់​សម្គាល់​ឃើញ​មាន ត្រពាំង​ដូនទាវ ត្រពាំង​ភ្ញារ ត្រពាំង​កូនដំរី ត្រពាំង​ស្នង ត្រពាំង​តាងឹន ។
ច្រក​ទ្វារ​មាស ផ្នែក​ខាងជើង​ជ្រុង​ខាងលិច
ច្រក​ទ្វារ​មាស ផ្នែក​ខាងជើង​ជ្រុង​ខាងលិច
គូទឹក​ព័ទ្ធ​ជុំវិញ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
គូទឹក​ព័ទ្ធ​ជុំវិញ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
កំពែង​ដី​សម្រាប់​ការពារ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ ផ្នែក​ខាងជើង
កំពែង​ដី​សម្រាប់​ការពារ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ ផ្នែក​ខាងជើង
ស្រះ​បឹងប្រាក់
ស្រះ​បឹងប្រាក់
យើង​បន្ត​ដំណើរ​ពី​បឹងប្រាក់​ទៅ​មុខ​បាន​ប្រមាណ​ជា​៣០​ម៉ែត្រ​ ទៀត យើង​ទៅ​ដល់​ផ្លូវ​មួយ​ទាល់ ។ បន្ទាប់​មក​យើង​បត់​ឆ្វេង​តម្រង់​ទៅ​ទិស​ខាងកើត លុះ​ឆ្ងាយ​បន្តិច​នៅ​ខាង​ត្បូង​ផ្លូវ ឬ​នៅ​ស្ដាំ​ដៃ យើង​នឹង​ឃើញ​វត្ត​ព្រៃនគរក្នុង ឬ​វត្ត​ប្រាសាទ ឬ​វត្ត​ខ្មៅ ដែល​មាន​សរសេរ​កំណត់​ទុក​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ។
វត្ត ​នេះ​សាងសង់​នៅ​ចំកណ្ដាល​ព្រះរាជធានី​ព្រះស្ដេច​កន ។ ក្នុង​ឆ្នាំ​២០០០​ វត្ត​ព្រៃនគរក្នុង​មាន​ព្រះសង្ឃ​៧​អង្គ​គង់ចាំ​ព្រះវស្សា ។ ព្រះគ្រូ​ចៅអធិការ​ធ្លាប់​បាន​ទទួល​ស្គាល់​ដឹង​ឮ​ថា មាន​ព្រះអង្គ​ខ្មៅ​មែន តែ​ត្រូវ​ក្រុម​ចោរ​លួច​បាត់​ជាយូរ​មក​ហើយ ។
វត្ត ​ប្រាសាទ ឬ​វត្ត​ព្រៃនគរក្នុង​មាន​បរិវេណ​ធំ​ស្អាត​ស្រឡះ​ល្អ មាន​ព្រះវិហារ​ថ្មី​មួយ​ដែល​សាងសង់​នៅ​លើ​ខឿន​ព្រះវិហារ​ចាស់ ។ នៅ​ក្រោយ​ព្រះវិហារ​មាន​ប្រាសាទ​បុរាណ​ពីរ​សង់​ដោយ​ឥដ្ឋ បែរ​មុខ​ទៅ​ខាងកើត មាន​ខ្លោង​ទ្វារ ផ្ដែរ​ធ្វើ​អំពី​ថ្មភក់ និង​សសរពេជ្រ​សម្រាប់​លម្អ​រចនា ។ ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ផ្នែក​ខាងជើង គេ​កត់​សម្គាល់​ឃើញ​មាន​ប្រាសាទ​បុរាណ​មួយ​ទៀត​ធ្វើ​អំពី​ឥដ្ឋ​ដែល​បន្សល់​ ទុក​តែ​ខឿន​គ្រឹះ​ក្រោម​តែ​ប៉ុណ្ណោះ ។ ជញ្ជាំង​ដំបូល​ត្រូវ​រលំ​​បាក់​បែក​អស់​ជា​យូរយារ​មក​ហើយ ។
ប្រាសាទ​ឥដ្ឋ​ទាំង​បី យើង​សង្កេត​ឃើញ​មាន​លក្ខណៈ​ជា​ប្រាសាទ​សាងសង់​ទៅ​តាម​បែប​បទ​ព្រហ្មញ្ញ​ សាសនា​ដែល​មាន​រចនាបថ​ដូចជា​ប្រាសាទ​ឥដ្ឋ​ឯទៀត​នៅ​ភូមិ​ជើងអង្គ ស្រុក​ដំបែរ ខេត្ត​កំពង់ចាម ឬ​នៅ​ប្រាសាទ​ធំ (ឬ​ប្រាសាទ​ក្រហម) ក្នុង​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ខេត្ត​ព្រះវិហារ ។ រចនាបថ​នេះ​ធ្វើ​ឲ្យ​យើង​ប៉ាន់ស្មាន​សន្និដ្ឋាន​ថា ប្រាសាទ​ឥដ្ឋ​ទាំងបី​នៅ​វត្ត​ព្រៃនគរក្នុង​ប្រហែល​សាងសង់​ក្នុង​សតវត្ស​ទី​ ១០‑១១ ។
ក្នុង​ចំណោម​ប្រាសាទ​ទាំង​បី ប្រាសាទ​នៅ​ខាងត្បូង​គេ​បង្អស់​ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូច​ប្រាសាទ​ស្រី ត្រូវ​គេ​និយម​ហៅ​ថា ប្រាសាទ​ស្រីគ្រប់លក្ខណ៍ ។ នៅ​លើ​ជញ្ជាំង​ផ្នែក​ខាងជើង គេ​ឃើញ​មាន​ផ្ទាំង​ថ្ម​មួយ​វែង មាន​ទ្រង់ទ្រាយ​ឆ្លាក់​ជា​ចង្អូរ​ទឹក​ចេញ​មក​ក្រៅ ។ រូបភាព​នេះ​ធ្វើ​ឲ្យ​យើង​សន្និដ្ឋាន​ថា ប្រាសាទ​ស្រីគ្រប់លក្ខណ៍​ជា​កន្លែង​សម្រាប់​ធ្វើ​សក្ការបូជា​សុំ​ទឹកមន្ត​មក ​ស្រោច​ស្រព​សុំ​ជោគជ័យ​សេរីមង្គល ។ ដូចនេះ​នៅ​ក្នុង​ប្រាសាទ​ត្រូវ​មាន​សិវលិង្គ​ដែល​គេ​ត្រូវ​ស្រោច​ទឹក​លើ ហើយ​បង្ហូរ​តាម​ទ ឬ​ចង្អូរ​ថ្ម​ខាងលើ ។ ទឹកមន្ត​ហូរ​ធ្លាក់​មក​លើ​យោនី​ជា​តម្រង​រួច​ស្រេច​ហើយ ទើប​គេ​ដួស​យក​មក​មុជ​ស្រោច​ស្រព ឬ​ផឹក​ជា​ក្រោយ ។ យោនី​តម្រង​នេះ​ពុំ​ឃើញ​នៅ​ក្រោម​ចង្អូរ​ថ្ម​នោះ​ទេ តែ​ត្រូវ​បាន​ព្រះសង្ឃ​លើក​យក​ទៅ​ដាក់​លម្អ​នៅ​កាំជណ្ដើរ​សាលា​ឆាន់​វិញ ។
នៅ ​ខាង​មុខ​ព្រះវិហារ​មាន​ស្រះ​មួយ​ធំ យើង​សន្និដ្ឋាន​បាន​ថា ជា​ស្រះ​ថ្មី​ដែល​គេ​ជីក​យក​ដី​ក្នុង​ពេល​ថ្មីៗ​សម្រាប់​យក​ដី​មក​បំពេញ​ខឿន ​វិហារ ។ ឆ្ងាយ​អំពី​នេះ​ទៅ​មុខ​ទិស​ខាងកើត ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ យើង​ឃើញ​ប្រាសាទ​តូចៗ​ធ្វើ​អំពី​ឥដ្ឋ​ចំនួន​៧​ដែល​បែក​ បាក់​ខូច​ខាង​អស់​ជាច្រើន ។ ប្រាសាទ​តូចៗ​ទាំង​នេះ​ប្រហែល​ជា​ចេតិយ​ដែល​គេ​សាងសង់​ក្នុង​សម័យ​រាជ្យ​ ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ។
នៅ ​ក្នុង​បរិវេណ​ក្នុង​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ដដែល​នៅ​ជ្រុង​ខាងជើង​ឆៀង​ ខាងកើត ចម្ងាយ​ប្រមាណ​ជា​២៥០​ម៉ែត្រ​ពី​វត្ត​ប្រាសាទ ឬ​ព្រៃនគរក្នុង គេ​ឃើញ​នៅ​សេស​សល់​ស្នាម​គ្រឹះ​ប្រាសាទ​បី​ទៀត​ដែល​សង់​អំពី​ឥដ្ឋ ហើយ​ដែល​ត្រូវ​ពួក​ជន​ទុច្ចរិត​នាំ​គ្នា​មក​គាស់​បំផ្លិចបំផ្លាញ ។ នៅ​ទីនោះ គេ​ឃើញ​ឥដ្ឋ​ប្រាសាទ​រាយ​ប៉ាយ​ពាស​ពេញ​គ្រប់​ទិសទី ។ ឥដ្ឋ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​អ្នក​ភូមិ​ប្រមូល​រើស​យក​ទៅ​ប្រើការ ក្រាល​នៅ​តាម​ផ្ទះ​ភូមិដ្ឋាន​រៀងៗ​ខ្លួន ។
មិន​តែ​ប៉ុណ្ណោះ យើង​កត់​សម្គាល់​ឃើញ​មាន​អណ្ដូង​ទឹក​បុរាណ​មួយ ​នៅ​ខាងជើង​វត្ត​ ក្នុង​ដី​ភូមិ​អ្នក​ស្រុក​ម្នាក់ ។ អណ្ដូង​នោះ​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ មាន​មាត់​ជាប់​ស្មើ​នឹង​ដី គ្មាន​លើក​ឲ្យ​ខ្ពស់​សម្រាប់​ការពារ​ឡើយ ។ ឯ​ផ្នែក​ខាង​ក្នុង​អណ្ដូង​ចាស់​បុរាណ លោក​បាន​យក​ឥដ្ឋ​មក​រៀប​តម្រៀប​លើ​គ្នា​ដើម្បី​ទប់​ដី​កុំ​ឲ្យ​បាក់ ។
ទិដ្ឋភាព​ជាទូទៅ​ដែល​យើង​បាន​រៀបរាប់​មក​ពី​ខាងលើ អ្នកស្រុក អ្នកភូមិ​នៅ​ភូមិ​ព្រៃនគរក្នុង ព្រៃនគរក្រៅ ឃុំ​ដូនតី និង​ផ្សេងទៀត សុទ្ធតែ​បាន​ដឹង​បាន​ស្គាល់​ទាំងអស់​តែ​ពួកគាត់​មិន​បាន​ដឹង​អំពី​ប្រវត្តិ ជា​ពិសេស​ប្រវត្តិ​ព្រឹត្តិការណ៍​ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ព្រះមហាក្សត្រ​ ព្រះស្រីជេដ្ឋា​ឡើយ ។
ដូច្នេះ គេ​ពុំ​អាច​ស្វែង​រក​ព័ត៌មាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់​អំពី​ប្រវត្តិ​ភូមិ ប្រវត្តិ​រាជធានី ឬ​ប្រវត្តិ​ព្រះស្ដេច​កន​នោះ​ទេ ។
ព្រះវិហារ​វត្ត​ប្រាសាទ រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ព្រះវិហារ​វត្ត​ប្រាសាទ រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ចង្អូរ​ទឹក​មន្ត​វត្ត​ប្រាសាទ រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ចង្អូរ​ទឹក​មន្ត​វត្ត​ប្រាសាទ រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ
ប្រាសាទ​ព្រះធាតុធំ នៅក្រោយ​ព្រះវិហារ​វត្ត​ប្រាសាទ (ប្រាង្គ​ផ្នែក​កណ្ដាល)
ប្រាសាទ​ព្រះធាតុធំ នៅក្រោយ​ព្រះវិហារ​វត្ត​ប្រាសាទ (ប្រាង្គ​ផ្នែក​កណ្ដាល)
ប្រាសាទ​ព្រះធាតុធំ​ នៅ​ក្រោយ​ព្រះវិហារ​វត្ត​ប្រាសាទ (ប្រាង្គ​ផ្នែក​ខាងត្បូង)
ប្រាសាទ​ព្រះធាតុធំ​ នៅ​ក្រោយ​ព្រះវិហារ​វត្ត​ប្រាសាទ (ប្រាង្គ​ផ្នែក​ខាងត្បូង)
តម្រង​លិង្គ​ព្រះសិវៈ វត្ត​ប្រាសាទ
តម្រង​លិង្គ​ព្រះសិវៈ វត្ត​ប្រាសាទ
ប្រាសាទ​ព្រះធាតុ​តូច (ចេតិយ​ផ្នែក​ខាងកើត)
ប្រាសាទ​ព្រះធាតុ​តូច (ចេតិយ​ផ្នែក​ខាងកើត)
គ្រឹះ​ប្រាសាទ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត
គ្រឹះ​ប្រាសាទ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត
ស្រះ​នាង​ជីលែង
ស្រះ​នាង​ជីលែង

អ្នកម្នាង​ស្នំឯក​ជីលែង

មួយ​ចំណែក​ទៀត បើ​យើង​ចាក​ចេញ​ពី​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​តាម​ទ្វារ​ខាងកើត​ឈ្មោះ​ថា ទ្វារ​នាង​ជីលែង ហើយ​ដើរ​តាម​ផ្លូវ​ចេញ​ទៅ​ក្រៅ​តាម​ទិស​ខាងកើត​ប្រមាណ​៥០០​ម៉ែត្រ យើង​នឹង​ទៅ​ដល់​ភូមិ​មួយ​ឈ្មោះ ភូមិ​នាង​ជីលែង ។
នៅ ​ជិត​នោះ​ដែរ ខាងជើង​ឆៀង​ខាងលិច​ភូមិ យើង​ឃើញ​ស្រះ​ទឹក​មួយ​ធំ​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​ដែល​មាន​ទទឹង​ប្រវែង ​ប្រហែល​ជា​១០០​ម៉ែត្រ និង​បណ្ដោយ​ប្រហែល​ជា​១៥០​ម៉ែត្រ ។ ស្រះ​ទឹក​នេះ​មាន​ឈ្មោះ ស្រះ​នាងជីលែង ។
ត្រង់​ចំណុច​ឈ្មោះ ជីលែង អ្នកភូមិ អ្នកស្រុក មិន​បាន​ដឹង មិន​បាន​ស្គាល់​ថា​ជា​អ្នកណា​ទេ គាត់​បាន​ត្រឹមតែ​ឆ្លើយ​ថា គាត់​ហៅ​ឈ្មោះ​ត​តាម​ចាស់ៗ ឪពុក​ម្ដាយ​គាត់​ប៉ុណ្ណោះ ។
តែ​ ចំពោះ​យើង​ជា​អ្នកស្រាវជ្រាវ​ ឈ្មោះ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​នឹក​ទៅ​ដល់​អ្នកម្នាង​ស្នំឯក ​ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​ដែល​មាន​ឈ្មោះ ជាលែង ។ អ្នក​ម្នាង​ជា​កូនស្រី​របស់​ចៅពញា​ហែង និង​ជំទាវ​សួស ។
យើង​សូម​បញ្ជាក់​ថា មាន​តែ​ពង្សាវតា​វត្តទឹកវិល និង​លោក​ អាឌេម៉ារ ឡឺក្លែរ (Adhémar LECLERE) ដែល​កត់​ត្រា​សរសេរ​បញ្ជាក់​ថា ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​មាន​ស្នំឯក​ឈ្មោះ ជាលែង ។ ចំណែក​ឯ​ពង្សាវតារ​ក្នុង​វាំង​របស់​សម្ដេច​វាំង ជួន​វិញ មាន​តែ​ស្រីស្នំ​មេនំ​មេនាង​រាប់​រយ​នាក់ ។
ម្យ៉ាងវិញ​ទៀត ឯកសារ​មហាបុរស​ខ្មែរ​របស់​លោក អេង សុត ដែល​បាន​ចម្លង​ទាំង​ស្រុង​ពី​សាស្ត្រា​ពង្សាវតារ​វត្ត​កំពង់ត្រឡាច​ក្រោម ខេត្ត​កំពង់ឆ្នាំង បាន​សរសេរ​ថា ស្នំឯក​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន​ឈ្មោះ ផាឡែន ។ នេះ​គឺ​ជា​ការ​ភាន់ច្រឡំ​ក្នុង​ការ​ចម្លង​ឯកសារ​ដែល​អាច​នាំ​មក​នូវ​ផល​អាក្រក់​ និង​វិបាក​ជាច្រើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ៖
ចំណុច​ដែល​មាន​ការ​ភាន់ច្រឡំ​ក្នុង​ការ​ចម្លង​នោះ​គឺ​ស្ថិត​ត្រង់​អក្សរ​មូល «» និង «» «» និង​ «» ។ ឈ្មោះ​ដើម​អ្នកម្នាង​ស្នំឯក​គឺ ជាឡែង ។ ដល់​គេ​ច្រឡំ «ជា» ក្លាយ​ជា «ផា» «» ក្លាយ​ជា «» ឡែង ក៏​ក្លាយ​ជា ឡែន ក៏​ដូរ​ជា ផាឡែន ។
ក្នុង​បញ្ហា​ឈ្មោះ ជាលែង ផែនទី ​កម្ពុជា​បច្ចុប្បន្ន​ក៏​មាន​កំណត់​ចង្អុល​ឈ្មោះ​ភូមិ​ដែល​ស្ថិត​នៅ​ផ្នែក​ ខាងកើត​ទល់​មុខ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​ថា​ជា​ភូមិ​ ជាលែង ដែរ ។ ម្យ៉ាង​វិញ​ទៀត ក្នុង​បញ្ហា​ឈ្មោះ​ដដែល យើង​មាន​ទស្សនៈ​យល់ និង​ជឿ​ថា​ឈ្មោះ​ពិត​ប្រាកដ​អ្នកម្នាង​ស្នំឯក​គឺ លែង ហើយ​ត្រូវ​ជំនាន់​ដើម​គេ​ប្រើ​ពាក្យ ជី ដើម្បី​ហៅ​គ្នា​ទៅវិញ​ទៅ​មក ឈ្មោះ​អ្នកម្នាង​ស្នំឯក​ក៏​ក្លាយ​ជា ជីលែង ទៅ ។
កត្តា​ជាច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ឈ្មោះ​របស់​អ្នកម្នាង​ស្នំឯក ជីលែង ដូចជា ច្រកទ្វារ​ខាងកើត ទ្វារ​នាង​ជីលែង ភូមិ​ជីលែង ស្រះ​ជីលែង ដែល ​សុទ្ធ​តែ​ស្ថិត​នៅ​ទិស​ខាងកើត​អាច​ជំរុញ​ឲ្យ​យើង​យល់​ថា អ្នកម្នាង​ប្រហែល​ជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ជីវិត​របស់​ ព្រះមហាក្សត្រ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ។ 

សម្បត្តិ​វប្បធម៌

នៅ​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ សម្បត្តិ​វប្បធម៌​ដែល​យើង​អាច​កត់​សម្គាល់​មាន​ជា​អាទិ៍ ប្រាសាទ​ដែល​សាង​សង់​ឡើង​ដោយ​ឥដ្ឋ ។ ប្រាសាទ​ទាំង​នោះ​អាច​ចែក​ចេញ​ជា​ពីរ​ក្រុម​ខុសគ្នា ៖ ប្រាសាទ​សម័យ​មុន​អង្គរ និង​ប្រាសាទ ឬ​ចេតិយ​ក្រោយ​អង្គរ ។

ប្រាសាទ​សម័យ​មុន​អង្គរ

ប្រាសាទ ​ដែល​អាច​ចាត់​បញ្ចូល​ទៅ​ក្នុង​ជំពូក​ប្រាសាទ​ឥដ្ឋ​សម័យ​មុន​អង្គរ​មាន​ ប្រាសាទ​ទាំង​បី​ស្ថិត​នៅ​ក្រោយ​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង និង​ខឿន​ប្រាសាទ​ដែល​សេស​សល់​នៅ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត ផ្នែក​ខង​ក្នុង​អតីត​រាជធានី ។
ប្រាសាទ​ដែល​ យើង​អាច​លើក​យក​មក​សិក្សា​គឺ​មាន​ប្រាសាទ​តែ​ពីរ​ប៉ុណ្ណោះ​នៅ​រក្សា​ ទ្រង់ទ្រាយ​ចាស់​មាំ​ល្អ ។ ប្រាសាទ​ទាំង​ពីរ​មាន​រចនាបថ​ដូច​ប្រាសាទ​នៅ​សម្បូណ៌​ព្រៃគុក ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សម័យ​កាល​ក្រោយ​ទេ ​គឺ​ក្នុង​សម័យ​អង្គរ ហើយ​ប្រហែល​ជា​ក្នុង​សតវត្ស​ទី​១០‑១១ ។ មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ធ្វើ​ការ​សន្និដ្ឋាន​ដូចនេះ​គឺ​ដោយសារ ៖
  1. នៅ ​ក្នុង​តបន់​ស្រុក​ត្បូងឃ្មុំ​ យើង​សង្កេត​ឃើញ​ក្នុង​ការ​សាង​សង់​ប្រាសាទ គេ​ធ្វើ​អំពី​ឥដ្ឋ គែ​មិន​សង់​ប្រាសាទ​តែ​មួយ​ទោល​ទេ គឺ​គេ​សង់​ម្ដង​ប្រាសាទ​បី​នៅ​ជាប់​គ្នា​លើ​ដី​រាប ហើយ​ប្រាសាទ​ដែល​ស្ថិត​នៅ​កណ្ដាល​ជា​ប្រាសាទ​ធំ​ល្អ ហើយ​សំខាន់​ជាង​គេ ។ ប្រាសាទ​ដែល​សាង​សង់​មាន​លក្ខណៈ​បី​ជាប់​គ្នា​ដូច​នេះ យើង​ឃើញ​មាន​នៅ​វត្ត​ព្រៃនគរ​ក្នុង​ទួល​ព្រៃគីរ (ភូមិ​អណ្ដោត) ជើងអង្គ (ភូមិ​ជើងអង្គ) និង​ប្រាសាទ​ខ្លះ​ទៀត​ក្នុង​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ។
  2. សិលា​ ចារឹក​ប្រាសាទ​ជើងអង្គ (K​៩៩) ដែល​ចារ​នៅ​លើ​ខ្លោងទ្វារ​ខាង​ជើង និង​ខាងត្បូង​ប្រាសាទ​ធំ​កណ្ដាល បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ការ​ត្រាស់​បង្គាប់​បញ្ជា​ពី​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ (៩២៨‑៩៤១) ។ សិលា​ចារឹក K​៩៩ មាន​ពីរ​ផ្ទាំង ។ សិលា ​ចារឹក​នេះ​មាន​ការ​ខូចខាត​ដោយ​អន្លើ តែ​អក្សរ​ចារ​នៅ​មាន​សភាព​ល្អ​ច្បាស់ ។ ផ្ទាំង​អក្សរ​លើ​ទ្វារ​ផ្នែក​ខាងត្បូង​មាន​៣២​បន្ទាត់ សរសេរ​ចារ​ជា​ភាសា​ខ្មែរ និង​១​បន្ទាត់​កន្លះ​ទៀត ជា​ភាសា​សំស្ក្រឹត ។ ផ្ទាំង​ទ្វារ​ផ្នែក​ខាងជើង​មាន​២៧​បន្ទាត់​ចារ​ជា​អក្សរ​ខ្មែរ ។ ប្រាសាទ​ជើងអង្គ​កសាង​ក្នុង​សតវត្ស​ទី​១០ ។
ប្រាសាទ ​នៅ​វត្ត​ព្រៃនគរក្នុង​ពុំ​មាន​ទំហំ​ធំ​សម្បើម​ មាន​ក្បាច់​រចនា​ឆ្លាក់​អស្ចារ្យ​ទេ​គឺ​ជា​ប្រាសាទ​តូច​ល្មម មាន​សសរ​ពេជ្រ ផ្ដែរ ធ្វើ​អំពី​ថ្មភក់ រចនាបថ​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​ក្នុង​សម័យ​កាល​នោះ ។ ជាទូទៅ​ប្រាសាទ​ក្នុង​រចនាបថ​នេះ មាន​រាង​បួន​ជ្រុង​ស្មើ ប្រហែល​ជា​៣​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ និង​មាន​កម្ពស់​ប្រហែល​ពី​៥​ទៅ​៦​ម៉ែត្រ ។ ក្នុង​រចនាបថ​នេះ ប្រាសាទ​មាន​ទ្វារ​ចូល​តែ​មួយ​គត់​នៅ​ទិស​ខាងកើត ។ ចំណែក​នៅ​តាម​ជញ្ជាំង​ទាំងបី​ទៀត​ដែល​បែរ​ទៅ​រក​ទិស​ផ្សេងៗ គេ​ឃើញ​មាន​រចនា​ជា​ទ្វារ​បញ្ឆោត ។
ប្រាសាទ​ ទាំងនោះ​សុទ្ធ​តែ​មាន​ប្រាង្គ​ប្រាសាទ​ដែល​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ថ្វាយ​ ទៅ​ដល់​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ជាពិសេស​ថ្វាយ​ចំពោះ​ព្រះសិវៈ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​ចោទ​ជា​សំណួរ​គឺ ៖
  1. តើ ​ហេតុ​អ្វី​នៅ​ភូមិ​អណ្ដោត ស្រុក​ត្បូងឃ្មុំ អ្នកស្រុក​ទាំង​ក្មេង​ទាំង​ចាស់​ហៅ​ប្រាសាទ​នៅ​ទួល​ព្រៃ​គគីរ (ព្រៃគីរ) ថា​ ចេតិយ​ព្រៃគីរ​ទៅ​វិញ ?
  2. តើ​ប្រាសាទ​ដែល​សង់​ទាំង​ប៉ុន្មាន​នោះ ជា​ចេតិយ ឬ​ក៏​ជា​ប្រាសាទ​សម្រាប់​ប្រារព្ធ​ធ្វើ​សក្ការបូជា​ថ្វាយ​ចំពោះ​អាទិទេព ?
ពីព្រោះ​ក្នុង​បញ្ហា​នេះ អ្នក​ប្រាជ្ញ​បារាំង ជា​ពិសេស លោក ហ្សក សឺដេស បាន​ចោទ​សួរ​ដែរ​ថា តើ​ប្រាសាទ​ខ្មែរ​ជា​កន្លែង​ធ្វើ​សក្ការបូជា​ថ្វាយ​ព្រះអាទិទេព ឬ​ជា​កន្លែង​កប់​សព​ព្រះមហាក្សត្រ​ខ្មែរ ? ម្យ៉ាង​វិញ​ទៀត​អ្នក​ស្រាវជ្រាវ​បារាំង លុយណេ ឌឺ ឡាស្ហុងតីជែរ (Lunet de LAJONQUIERE) បាន​កត់​សម្គាល់​ឈ្មោះ​ប្រាសាទ​ទាំង​បី​នេះ​ថា ព្រះធាតុធំ ។
ទស្សនៈ ​នេះ និង​ភាព​ជាក់ស្ដែង​ដែល​យើង​បាន​ទៅ​សាកសួរ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ ត្បូងឃ្មុំ ធ្វើ​ឲ្យ​យើង​ហ៊ាន​សន្និដ្ឋាន​ថា ប្រាសាទ​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោយ​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង ជា​ចេតិយ​ដែល​គេ​យក​អដ្ឋិធាតុ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ស្នំឯក​ជីលែង​ទៅ​បញ្ចុះ​ទី​នោះ ។
ពីព្រោះ ​ពង្សាវតារ​វត្ត​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​សរសេរ​កត់ត្រា​យ៉ាង​ច្បាស់​ថា ៖ សម្ដេច​ព្រះ​យសរាជា ជា​កែវ​នាយក ព្រះអង្គ​យល់​ឃើញ​ហើយ​ឲ្យ​យក​ក្បាល​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ជាលែង​ធ្វើ​បុណ្យ​បូជា​ព្រះភ្លើង សាង​ព្រះចេតិយ​ដាក់​ក្នុង​វត្ត​ប្រាសាទ​ព្រៃនគរក្នុង​ដោយ​ហេតុ​ជាប់​សាច់​ សាលោហិត​ខាង​ព្រះអង្គ ។
ម្យ៉ាងវិញ​ទៀត​ក៏​ ស័ក្តិសម​ដែរ​ដែល​ព្រះអដ្ឋិធាតុ​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន និង​អ្នក​ម្នាង​ជាលែង​ត្រូវ​បាន​យក​ទី​បញ្ចុះ​ក្នុង​ប្រាសាទ​នោះ​លើ​ខឿន​តែ​ មួយ​ជាមួយ​នឹង​ព្រះវិហារ ពីព្រោះ​ព្រះអង្គ​ជា​អ្នក​មាន​បុណ្យ ជា​ព្រះមហាក្សត្រ​មួយ​អង្គ​របស់​ប្រទេស​ខ្មែរ ទោះបីជា​ព្រះអង្គ​កើត​ចេញ​ពី​គ្រួសារ​អ្នក​ក្រីក្រ ជា​ពល​រតនត្រ័យ​ក៏​ដោយ ។
ប្រហែល​ជា​ក្នុង​ន័យ​ដូច​នេះ​ហើយ ទើប​បាន​ជា​ខ្មែរ​អ្នកភូមិ​ព្រៃនគរក្នុង​បាន​ហៅ​ប្រាសាទ​ខាងត្បូង​ថា ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍ ជា ​រៀង​រហូត​មក ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ដោយ​មិន​ដឹង​ខ្លួន​ថា​កំពុង​តែ​គោរព​បូជា​អ្នកម្នាង​ជីលែង​ដែល​គេ​ចាត់​ទុក​ ជា​ស្រី​គ្រប់​លក្ខណ៍ ។ ឯកសារ​វត្ត​ទឹកវិល​បាន​បញ្ជាក់​អំពី​អព្ភូតហេតុ​ជាច្រើន​ដែល​ជាប់​ទាក់​ទង​ នឹង​អ្នកម្នាង​ក្នុង​ពេល​រត់​ភៀស​ខ្លួន ក្រោយ​បែក​បន្ទាយ​ស្រឡប់​ដូនតី​ពីជ័យ​ព្រៃនគរ ។

ចេតិយ ឬ ប្រាសាទ

ចំណោទ ​ដដែល​ខាងលើ ក៏​ចោទ​ចំពោះ​ប្រាសាទ ឬ​ចេតិយ​ទាំង​ប្រាំពីរ​នៅ​ទិស​ខាងកើត​ព្រះវិហារ​វត្ត​ព្រៃនគរក្នុង​ដែរ ។ សំណង់​ទាំង​ប្រាំពីរ​ធ្វើ​អំពី​ឥដ្ឋ មាន​ទំហំ​តូច​ល្មម តម្រៀប​ជាជួរ មាន​ទ្រង់​ទ្រាយ​ពុំ​ដូច​ជា​ប្រាសាទ​ឡើយ ។ តែ​បើ​យើង​សង្កេត​ឲ្យ​បាន​ដិតដល់ យើង​ឃើញ​ថា រចនាបថ​សំណង់​ទាំងនោះ​មាន​លំនាំ​ដូច​ជា​ចេតិយ​ជាង ។
ម្យ៉ាង ​វិញ​ទៀត ឥដ្ឋ​ដែល​យក​មក​ប្រើ​សម្រាប់​សាង​សង់ ក៏​មាន​លក្ខណៈ​ធំ​ជាង​ឥដ្ឋ​សម័យ​អង្គរ​ដែរ ។ ឯ​ក្បាច់​ចម្លាក់​តាម​ទ្វារ សសរ ឬ​ផ្ដែរ​ក៏​គ្មាន​ដែរ ។ ប៉ុន្តែ​នៅ​លើ​ទួល​នោះ យើង​សង្កេត​ឃើញ​មាន​សេស​សល់​នូវ​បំណែក​តម្រង​លិង្គ​ព្រះសិវៈ​ធ្វើ​អំពី​ ថ្មភក់​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​គិត​ស្មាន​ថា កន្លែង​នោះ​ជា​ទីតាំង​ចាស់​របស់​ព្រហ្មញ្ញ​សាសនា​ដែល​គេ​ទៅ​សាង​សង់​ចេតិយ​ ពី​លើ ។
ដូច្នេះ​ហើយ​បាន​ជា​ហ៊ាន​សន្និដ្ឋាន​ថា សំណង់​ឥដ្ឋ​ទាំងនោះ​សង់​ក្រោយ​សម័យ​អង្គរ​ទៅ​តាម​លំនាំ​ចេតិយ និង​ផ្នែក​ព្រះពុទ្ធសាសនា ។ កាលបរិច្ឆេទ​នៃ​ការ​សាង​សង់​នោះ​អាច​នៅ​ក្នុង​សម័យ​កាល​ព្រះស្ដេច​កន ឬ​ក្រោយ​នោះ​បន្តិច​បន្តួច ។
ចេតិយ ​ទាំង​នោះ​ប្រហែល​ជា​ចេតិយ​របស់​ព្រះញាតិវង្ស​ព្រះស្រីជេដ្ឋា​ព្រះស្ដេច​កន ឬ​មន្ត្រី​មេទ័ព​ធំៗ​របស់​ព្រះអង្គ​ដែល​លោក លុយណេ ឌឺ ឡាស្ហុងតីជែរ កត់ត្រា​ឈ្មោះ​ជា​ព្រះធាតុ​តូច 
រចនាបថ ​ចេតិយ​ទាំង​ប្រាំពីរ​មាន​លក្ខណៈ​ល្អ​ម្យ៉ាង​ហើយ តែ​ខុស​ប្លែក​ពី​រចនាបថ​ចេតិយ​ផ្សេង​ឯ​ទៀត​ដែល​យើង​ធ្លាប់​ឃើញ​ក្នុង​សម័យ​ កាល​ក្រោយ​អង្គរ ។

សិលាចារឹក K​៩៨

លក្ខណៈ ​បុរាណភាព​របស់​អតីត​រាជធានី​ស្រឡប់​ដូនតី​ពិជ័យ​ព្រៃនគរ​មិន​មែន​មាន​តែ​ ប្រាសាទ​ប៉ុណ្ណោះ​ទេ​ នៅ​ក្នុង​រាជធានី​នេះ​ក៏​មាន​សិលាចារឹក​សម័យ​មុន​អង្គរ​ដែរ​ដែល​គេ​ស្គាល់​ ក្រោម​លេខ​សារពើភណ្ឌ K​៩៨ ។
នៅ​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ លោក អេទីជែន អាយម៉ូនីញ៉េរ (Etienne AYMONIER) បាន​សរសេរ​ចុះ​ផ្សព្វផ្សាយ​ថា ក្នុង​ព្រះវិហារ​ថ្មី​នៅ​បន្ទាយ​ព្រៃនគរ​មាន​ថ្ម​ខ្មៅ​មួយ​ចិត​ដុស​ខាត់​ ស្អាត ដូចជា តុ​មាន​រាង​សំប៉ែត​៤​ជ្រុង​ស្មើ ពុំ​មាន​ប្រហោង​ចោះ​ទេ​ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​០,៤០​ម៉ែត្រ និង​កម្ពស់​០,០៦​ម៉ែត្រ ។ នៅ​លើ​គែម​ថ្ម​នោះ​មាន​អក្សរ​សម័យ​មុន​អង្គរ​៧​តួ​បាន​ចារ​នៅ​លើ​នោះ​យ៉ាង​ ច្បាស់ ។
ក្រោយ​មក នៅ​ដើម​សតវត្ស​ទី​២០​ដដែល លោក លុយណេ ឌឺ ឡាស្ហុងគែជែរ បាន​សរសេរ​បញ្ជាក់​ប្រាប់​ថា លោក​បាន​ទៅ​រក​មើល​ថ្ម​ខ្មៅ​នោះ តែ​លោក​រក​មិន​ឃើញ ។ បច្ចុប្បន្ន អ្វី​ដែល​នៅ​សេស​សល់​ពី​សិលាចារឹក K​៩៨ ថ្ម​ខ្មៅ​នោះ​គឺ​មាន​តែ​ស្លាក​ស្នាម​ក្រដាស​ផ្ដាម​របស់​លោក អាយម៉ូនីញេរ ដែល​គេ​រក្សា​ទុក​នៅ​បណ្ណាល័យ​ជាតិ​នៃ​ប្រទេស​បារាំង ចុះ​លេខ K​២២៨ ។
សិលាចារឹក ​នេះ​មាន​អក្សរ​ច្បាស់​ងាយ​ស្រួល​ក្នុង​ការ​អាន និង​យល់​ តែ​បញ្ហា​ដែល​ចោទ​គឺ​ស្ថិត​នៅ​លើ​ពាក្យ​ទី​៣ ដែល​មាន​រូប​រាង​ចម្លែក មិន​អាច​អាន ឬ​យល់​បាន ។ លោក សឺដេស បាន​កត់ត្រា​ក្នុង​ស្នាដៃ​របស់​លោក​ដូច​តទៅ​នេះ ៖
“gui neh.......ndāna tā´n añ”
“Ceci est le.....de Tā´n añ”
“នេះ​គឺ​ជា.......របស់​តាង​អញ”
ដែល​យើង​អាច​សរសេរ​ជា​ភាសា​ខ្មែរ​បុរាណ ៖
“នេះ​គឺ......ន្ទាន តាង​អញ”
លោក សឺដេស បាន​សរសេរ​បញ្ជាក់​តួ​អក្សរ​ទី​៣​មាន​រូប​រាង​ចម្លែក​គឺ​សម្ដៅ​ទៅ​លើ​តុ​ថ្ម​ខ្មៅ​នោះ​ដែល​ស្ត្រី​ម្នាក់​ជា តាង​អញ មាន ឬ​បាន​ទទួល ។
ទោះបី ​ជា​សិលាចារឹក​ត្រូវ​បាត់​បង់ ហើយ​សល់​តែ​អក្សរ​ផ្ដាម​ដែល​គេ​រក្សា​ទុក​នៅ​ប្រទេស​បារាំង​ក៏​ដោយ ក៏​យើង​អាច​កត់​សម្គាល់​បាន​ដែរ​ថា សម័យ​មុន​អង្គរ​គឺ​សតវត្ស​ទី​៩​នៅ​លើ​ទឹក​ដី​ព្រៃនគរក្នុង ឬ​ស្រុក​ត្បូងឃ្មុំ មាន​មនុស្ស​រស់​នៅ មាន​ការ​ជឿនលឿន មាន​ការ​ចង​ចាំ ចេះ​ចារ​អក្សរ​រក្សា​ទុក​រួច​មក​ហើយ ។ នេះ​ក៏​ជា​សក្ខីភាព​ដែល​បញ្ជាក់​ថា ទឹក​ដី​នេះ​មាន​ចំណាស់​ចាត់​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ព្រះមហាក្សត្រ និង​នាម៉ឺន​មុខ​មន្ត្រី ទាំង​ជិត​ឆ្ងាយ សុទ្ធ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​តំបន់​នេះ ។ ភស្តុតាង​ជាក់ស្ដែង​គឺ​សិលាចារឹក​នៅ​ប្រាសាទ​ជើងអង្គ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ។ ឯការ​ជ្រើស​រើស​យក​ជ័យភូមិ​មក​សាង​សង់​ព្រះរាជធានី​នៅ​ស្រឡប់​ដូនតី​ពិជ័យ​ ព្រៃនគរ​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​មិន​មែន​ជា​ ការ​ចៃដន្យ ឬ​ជា​ព្រឹត្តិការណ៍​ជំរុញ​ដោយ​សុបិន​និមិត្ត​ទាំងស្រុង​នោះ​ទេ គឺ​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស ធនធាន​ធម្មជាតិ ទឹកដី និង​ចំណុច​យុទ្ធសាស្ត្រ ។
គុណសម្បត្តិ ​រាជធានី​ព្រះស្ដេច​កន​ដែល​យើង​លើក​យក​មក​ខាងលើ​មិន​ត្រូវ​បាន​ ព្រះមហាក្សត្រ​ខ្មែរ​ក្រោយៗ​ឲ្យ​តម្លៃ​ឡើយ ។ ក្រោយ​ដែល​ព្រះបាទ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​ចូល​ទីវង្គត ទីក្រុង​នេះ​ត្រូវ​គេ​បោះបង់​បំភ្លេ​ចោល ភ្លេច​រហូត​ដល់​ទៅ​ឈ្មោះ និង​ទីតាំង​រហូត​មក​ដល់​ចុង​សតវត្ស​ទី​២០ ដើម​សតវត្ស​ទី​២១ ។
ប៉ុន្តែ ​តាម​ការ​ពិត​ជាក់​ស្ដែង ទឹកដី​ខ្មែរ​ត្រើយ​ខាងកើត​តែង​តែ​មាន​សក្ដានុពល​គ្រប់​បែប​យ៉ាង​ដែល​ជំរុញ​ ព្រឹត្តិការណ៍​វវត្ត និង​អភិវឌ្ឍ​របស់​សង្គម​ជាតិ​ខ្មែរ​តាំង​តែ​ពី​អតីត​កាល​មក​ទល់​ បច្ចុប្បន្ន ៕
ប្រាសាទ​ព្រៃគីរ
ប្រាសាទ​ព្រៃគីរ
ប្រាសាទ​ជើងអង្គ
ប្រាសាទ​ជើងអង្គ
សិលាចារឹក​ប្រាសាទ​ជើងអង្គ K​៩៩
សិលាចារឹក​ប្រាសាទ​ជើងអង្គ K​៩៩