photo promote.jpg

វត្តវិហារសួរ

វត្តវិហារសួគ៌ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮ​កិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់​ បច្ចុប្បន្នកាលនេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមាន មហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។ វត្តវិហារសួគ៌ ឬវត្តព្រះវិហារសួគ៌ មានវិហារចំនួន២ វិហារទីមួយជាព្រះវិហារធម្មតា ជាទីសម្រាប់គោរពព្រះរតនត្រ័យ រីឯព្រះវិហារទី២ ឈ្មោះថាព្រះវិហារបន់ ដែលគេល្បីខាងរឿង បន់ស្រន់ ពូកែស័ក្តិសិទ្ធ។ នៅជុំវិញព្រះវិហារទី១ គេសង្កេតឃើញមានសីមាស្តម្ភ ធ្វើអំពីថ្មភក់ ដែលអាចបញ្ជាក់បានថា ព្រះវិហារនេះមានអាយុកាលយូរលង់ណាស់មកហើយ អាចនៅក្នុង សម័យអង្គរ រឺក្រោយអង្គរក្នុងសម័យលង្វែក។ នៅក្បែរព្រះវិហារបន់វិញ យើងសង្កេតឃើញ គំនរឥដ្ឋមួយដែលបាក់បែកខ្ទេចខ្ទីរ ត្រូវបានអ្នកស្រុកហៅថាចេតិយ៍បុរាណ ត្រូវគេរៀបចំជាទី កន្លែងគោរព សក្ការៈបូជា។ តាមទស្សនៈខ្ញុំបាទវាមិនមែនជាចេតិយ៍នោះឡើយ វាគឺជាប្រាសាទ បុរាណ ដែលស្ថិតនៅ​ ក្នុងសម័យចេនឡា ត្បិតនៅមានភស្តុតាងសេសសល់ផ្តែរប្រសាទ និងគ្រឿង ប្រាសាទមួយចំនួននៅទីនោះ ដែលមនុស្សធម្មតាពុំបានយកចិត្តទុកដាក់ និងអភិរក្សថែររក្សាឲបាន ម៉ត់ចត់នោះឡើយ។ យ៉ាងណាមិញ នៅក្នុងវត្តព្រះវិហារសួគ៌ក៏នៅមានសិលាចារឹក២ផ្ទាំង ដែលគេ ​បានរក្សាទុក ដោយមួយផ្ទាំងចារឹកលើឈើ និងមួយផ្ទាំងចារឹកលើថ្ម។ 

តាមរយះព្រេងនិទានវត្តវិហារសួគ៌ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុង ទ្រង់កសាង ទុកជា អនុស្សាវរីយ៍ត្រង់ទីដែល តាគហេ តើន​ព្រះអង្គ​ឡើង  សឹងមានចែងទុកជា​ប្រវត្តិនៃ ព្រះវិហារនោះ ដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមក​ក្នុងព្រះរាជវង្សសាវតា​ប្រទេស កម្ពុជាថា: "វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជា ប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើម កសាងទុក​ជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ"។

រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់​ព្រះ​ទិវង្គត​ទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូង​មាន មហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្ស មុន។  កាលនោះ មានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌‌តពុំទាន់គ្រប់ខែ ភាសខ្លួនជារាស្រ្តសាមញ្ញចេញទៅ ស្រុកក្រៅ សំណាក់ជាមួយ តាគហេ និង យាយលាក់ ជា​ស្វាមី​ភរិយា។ លុះព្រះគ៌‌តគ្រប់ខែ១០ ក៏ សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅ បាត ព្រះហស្ត និងបាតព្រះបាទ តាគហេ និង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។
ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះ កំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារ មាន​បក្សី​មួយ​មក​កាង​ស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។   តា គ​ហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមានបុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា "បក្សីចាំក្រុង"។   តមកកាលពីព្រះបាទ ព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរា​ទាយថា "មាន​អ្នក​មាន​បុណ្យ​កើតក្នុងត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ខ្លួនជា ប្រជារាស្រ្តក្នុង អាណាចក្រនេះ អ្នក​មាន​បុណ្យ​នោះ មាន​កង​ចក្រ​នៅ​បាតដៃ បាតជើង​" ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃ នៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ព តាមចាប់។ ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេ បានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់​ផ្ទះ​ហើយ គាត់​ទូលបក្សីចាំក្រុងថា "បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន"។ ហើយគាត់ចោលដំបងដេញគោ ដំបង​បាត់​​ក្នុងទឹក​អូរ​រក​ពុំឃើញ បានជាអូរនោះឈ្មោះថា "អូរដំបង" នៅក្នុងខេត្តបាត់ដំបង សព្វថៃ្ងនេះ ។ បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយ មានដើមរលួស ម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបានជាទីនោះហៅថា "ភូមិរលួស" នៅក្នុងស្រុក សូត្រនិគម ខេត្តសៀមរាប សព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយ​សារ​ទូក គេ​​ឆ្លង​កាត់​ទី​ទំនាបទឹក មក​ដល់​ខេត្ត​ជើងព្រៃ កងទ័ពលើកតាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុង វេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា "បើខ្ញុំ មានបុណ្យ សូមកុំឲ្យ មានមូសនៅទីនេះ" ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា "ទួលគហេ" ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។ លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សី ចាំក្រុងផ្សងបារមីថា "បើ​ខ្ញុំ​ត្រូវ​បានសោយរាជ្យ​ហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យដើម រការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក" ដើម​ឈើ​ទាំងពីរនោះ ក៏កោងទៅទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូចដើមវិញ ទើប​ត្រើយ​ខាងជើងមាន ឈ្មោះថា "រការកោង" នៅស្រុកមុខ កំពូល ខេត្តកណ្តាល។ ត្រើយខាងត្បូងមានឈ្មោះថា "ល្វាទេ" នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថៃ្ងនេះ។ លុះតាគហេនាំរត់ទៅត្រើយខាងត្បូង ដល់​ទួល​មួយ ប្រប​ឆេ្នរបឹង​បាន កាប់មែកជ្រៃ​ដោតធ្វើសម្រប​សំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សី​ចាំក្រុង ក៏និន្រ្ទា​លក់ក្រោម ម្លប់សម្របនោះ។ កំពុង​តែ​លក់​ស្រួល ​ស្រាប់តែ​ហ្វូងសត្វត្រដក់ រនៀលទង់ ជាច្រើនដែលចុះរកស៊ី ក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេ​ឮ​សព្ទ​នោះ ស្មាន​ថា​កង​ទ័ព ក៏ស្ទុះតើន ព្រះរាជកុមារឡើងសួរថា "នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ"។ ព្រះរាជកុមារតើនឡើងភ័យណាស់ ស្មានថាកងទ័ព ក៏​ស្ទុះ​ឡើង​មែកជ្រៃ ដែល​ដោត​ធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិនឃើញ កងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅ​ខាង​ត្បូងវត្តវិហារសួរ សព្វថៃ្ងនេះ។  លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្ល ដោយទូកទៅ ត្រើយខាងលិច ទៅពួន ក្នុង​គុហា​ភ្នំប្រសិទ្ធិ​ខេត្ត​សំរោងទងចាស់ ដែលជាស្រុកពញាឭ ខេត្តកណ្តាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។ លុះព្រះបាទព្រហ្មកិល "ពញាក្រែក" សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យ​គង់នៅភ្នំប្រសិទ្ធិ៍​ក៏អញ្ជើញទ្រង់​ មកសោយរាជ្យសម្បត្តិតទៅ។ កាលបើ បក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយ​លាក់ ជាព្រះអយ្យកោ ព្រះអយ្យកាធម៌‌។ ទ្រង់ឲ្យសាងប្រាសាទ​មួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែល លើកដេញតាម ដំបូង​ហៅថា​ "ប្រាសាទលលៃ" ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា "ប្រាសាទបាគង់" ដែលក្លាយមកជាប្រាសាទបាគង នៅ ខេត្តសៀមរាប សព្វថៃ្ងនេះ។ទ្រង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គ​ត្រង់​ទី ដែល​ដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់​សួរពីសព្ទហ្វូងសត្វស្មាន ថា កងទ័ពនោះ ហៅថា "វត្តវិហារសួរ" ទើបមាននាមថា​"វត្តវិហារសួរ"​ ជាបូជនីយដ្ឋាន ដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួល​មរណភាព​តាមលំដាប់គ្នា​ទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា "ទួលគហេ" នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។

ព្រះវិហារ វត្តវិហារសួគ៌
សីមាស្តម្ភជុំវិញព្រះវិហារ

ស្រះទឹកក្រោយព្រះវិហារបន់

ព្រះវិហារបន់

ប្រាសាទបុរាណបាក់បែកនៅក្បែរព្រះវិហារបន់ (អ្នកស្រុកហៅចេតិយ៍)

ផ្តែរប្រាសាទដែលគេរក្សាទុកនៅក្បែរវិហារបន់