photo promote.jpg

ពិធីបុណ្យពិសាខបូជា


            ជាការពិតណាស់ ព្រះពុទ្ធសាសនាគឺជាសាសនាដែលបានមកប្រតិស្ថាននៅប្រទេសកម្ពុជា តាំងពីយូរយាណាស់មកហើយ។ ព្រះពុទ្ធសាសនាបានរស់នៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យ កាលទាំងអស់ ទោះបីជាសម័យកាលនោះរុងរឿង រឺសម័យកលយុគក្តី ។ យ៉ាងណាមិញគេសង្កេត ឃើញមានពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួនត្រូវបានប្រជាជនខ្មែរគោរព និងប្រព្រឹត្តិជារឿងរាល់ឆ្នាំ តាំងពីបុរាណកាល រហូតដល់សព្វថ្ងៃនេះ។ ក្នុងនោះដែរ ពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំនោមពិធីបុណ្យព្រះពុទ្ធសាសនាដ៏ទៃទៀត។
            តើអ្វីជាពិធីបុណ្យពិសាខបូជា?
            មុននឹងយើងពិភាក្សាគ្នាអំពីខ្លឹមសារនៃពិធីបុណ្យពិសាខបូជា យើងតោងយល់អំពីអត្ថន័យ នៃពាក្យ ពិសាខបូជា ជាមុនសិន ដើម្បីធ្វើឲ្យយើងងាយយល់ពីខ្លឹមសារនៃបុណ្យនេះ។ បើយោងតាម សេចក្តីពន្យល់របស់វចនានុក្រមខ្មែរ អំពីអត្ថន័យនៃពាក្យនេះ បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់ បរិនិព្វាន ធ្វើរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ជាបុណ្យកុសលសម្រាប់ពុទ្ធសាសនា។
ហេតុអ្វីចាំបាច់ប្រារព្ធពិធីបុណ្យពិសាខបូជា?
            បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថទាំងបព្វជិត ប្រារព្ធធ្វើនៅថ្ងៃ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃ ខែមហាមង្គលដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោមៈ
            .កាលដែលព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនីក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ពេញបូរមីខែពិសាខ ក្នុងឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ។       ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់ អាចយាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ ឧត្តរទិស(ទិសខាងជើង) ហើយស្រែកនូវ អាសភិវាចារគឺវាចារដ៏ឧត្តមថាៈ អគោហមស្មិ  លោកស្ស  ជេដ្ឋោហមស្មិ  លោកស្ស  សេដ្ឋោហមស្មិ  លោកស្ស  អយមន្តិមា ជាតិ នត្ថិទានំ បុនព្ភវោ។  ប្រែថា អាត្មាអញ ជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញជាបុគ្គល ប្រសើរបំផុត លើលោក នេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ
            .ក្រោយពីព្រះពុទ្ធជាម្ចាស់ ទ្រង់សាងព្រះផ្នួស ហើយធ្វើទុក្ករកិរិយា អស់៦ឆ្នាំ ទ្រង់បានត្រាស់ ដឹងនូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ក្នុងឆ្នាំរកា មុនពុទ្ធសករាជ៤៥ឆ្នាំ។  លុះត្រាស់ដឹងហើយទ្រង់បានឧទាននូគាថាថាៈ អនេកជាតិសំ សារំ  សន្ធាវិស្សំ  អនិព្វិសំគហការំ  គរេសន្តោ  ទុក្ខា  ជាតិ  បុនប្បុនំ គហការក  ទិដ្ឋោសិបុន  គេហំ  ន  កាហសិ  សព្វា  តេ  ផាសុកា  ភគ្តា  គហកូដំវិសំខតំ វិសំខារគតំ  ចិត្តំ  តណ្ហានំ  ខយមជ្ឈគា។ ប្រែថា អាត្មាអញ កាលមិនទាន់បានជួបប្រទះពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាពហើយអន្ទោលទៅកាន់សង្សារ មានជាតិមិនតែ មួយ, ជាតិគឺការកើតរឿយៗរមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញ អ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះគឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះគឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាស ហើយ, យើងបានដល់នូវព្រះអរហត្តគឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ
            .ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង៥ អស់រយៈពេល៤៥វស្សមក (ពុទ្ធកិច្ចទាំង៥មាន កិច្ចពេល ព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេលរសៀលទ្រង់សម្តែងនូវព្រះធម៌ដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាម ទ្រង់ប្រទានឳវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុងមជ្ឈឹមយាម ទ្រង់ដោះប្រសនាដល់ទេវតា, កិច្ចក្នុងបច្ចិម យាម ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយ អនុបាទិសេសនិព្វានក្នុងនគរកុសិនារា។   កាលនោះមុននឹងព្រះពុទ្ធទ្រង់បរិនិព្វាន ពួកមល្លក្សត្រ ទាំងឡាយបានកន្សែងសោយសោកា​ តានតឹងឳរាលើកដៃទាំងពីរឡើងពោបូបាច់ដួលទៅលើប្រថពី បម្រះននៀលហាក់បីដូចជាបាក់ដៃជើង សោយសេចក្តីសោយស្តាយព្រះជិនស្រីលោកាចារ្យថាៈ ព្រះមានព្រះភាគជាម្ចាស់ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុង លោកអន្តរាយដោយឆាប់រហ័សពេកហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ព្រះអន្ទមកត្រាស់ផ្តែរផ្តាំបណ្តាំចុងក្រោយថាៈ យោ វោ អានន្ទ មយា ធម្មោ ច​ វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា។ ប្រែថា ធម៌ និងវិន័យណា ដែលតថាគតបាន សម្តែងហើយ បានបញ្ញត្តទុកហើយដល់អ្នកទាំងឡាយ ធម៌និងវិន័យនោះ នឹងជាសាស្តានៃអ្នក ទាំងឡាយក្នុងកាលអំណើះពី តថាគតទៅ។
            ដោយហេតុដ៏អស្ចារ្យទាំង៣ សុទ្ធតែចំថ្ងៃ១៥កើត ពេញបូរមី ខែពិសាខនេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំគ្នាប្រារព្ធពិធីបុណ្យពិសាខបូជានេះឡើង។
            តាមទំនៀមទំលាប់ ពិធីបុណ្យពិសាខបូជាប្រព្រឹត្តិទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបាន ជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿងប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុស ស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈបូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក។ នៅយប់នោះរហូតដល់ភ្លឺ គេនាំគ្នាស្តាប់ទេសនាអំពី ពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមាន បសាទសទ្ធាចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង។ (តែបច្ចុប្បន្នការសំដែងធម្មទេសនា ពុំបាន បន្តរដល់ភ្លឺទៀតឡើយ ឯការរៀបចំកម្មវិធីទៀតសោត ក៏សង្ខេបខ្លីត្រឹមតែមួយថ្ងៃគឺនៅថ្ងៃ ១៥កើត ខែពិសាខតែប៉ុណ្ណោះ)។
            តាមការស្រាវជ្រាវ គេបានដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើក្រោយព្រះពុទ្ធបរិនិព្វាន ច្រើន រយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសិរីលង្កាបានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ។ ចំនែកប្រទេសសៀម និងប្រទេសខ្មែរយើង ទើបតែចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី១៩នេះ។
នៅប្រទេសសៀម ស្តេចរាមាបានផ្តើមធ្វើនៅឆ្នាំ១៨១៧ ចំនែកនៅប្រទេសកម្ពុជា បុណ្យនេះ ត្រូវបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង។ ដំបូងពិធីបុណ្យនេះ ប្រារព្ធឡើងដោយគណធម្មយុត្តិ ហើយក្រោយមក ទើបបានជ្រួតជ្រាបដល់គណៈមហានិកាយ(យល់ព្រម ដោយព្រះបាទស៊ីសុវត្តិ)។

ព្រះពុទ្ធប្រសូត

ព្រះពុទ្ធត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ

ព្រះពុទ្ធចូលបរិនិព្វាន


ដោយពន្លកនិស្សិតអក្សរសាស្រ្តខ្មែរ     



នាថ្ងៃ១៥ កើតពេញបូរមី ខែពិសាខ ព.ស២៥៥៥ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១ គឺជាថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ សូមពុទ្ធបរិស័ទគ្រប់រូបមេត្តាសម្អាតចិត្តឲ្យជ្រះថ្លា ប្រាថ្នាប្រព្រឹត្តិអំពើល្អ និងនាំគ្នារូតរះម្នីម្នាទៅវត្តអារាមដើម្បីសមាទានសីល និងស្តាប់វិសេសទេសនាគ្រប់ៗគ្នា។សូមអនុមោទនា នូវពិធីបុណ្យពិសាខបូជា!។