photo promote.jpg

វិសាលភាពនៃសិលាចារឹក​ខ្មែរ

តាមចំនួននិងបរិមាណ សិលាចារឹកប្រទេសកម្ពុជា​ ជាមរតកនៃសិលា​ចារឹកសំខាន់និងប្រកប ដោយ​សំបូរភាពជាងគេមួយនៅលើពិភពលោក ប្រសិនបើប្រៀបធៀបសិលាចារឹកកម្ពុជាទៅនឹង បណ្តាឯកសារ​សិលាចារឹកនៃប្រទេសដទៃទៀត។

នៅក្នុងបញ្ជិការដ៏ធំមួយ រៀបចំដោយសាស្រ្តាចារ្យ ហ៊្សក សឺដេស គេប្រទះឃើញមានសិលាចារឹក កម្ពុជា ទាំងអស់ចំនួន១០០៥។ នៅឆ្នាំ១៩៧១ លោកសាស្រ្តាចារ្យ ក្លូដហ្សាក់ (បន្តពីលោក សឺដេស) ដែលជាអ្នកស្រាវជ្រាវ សិលាចារឹកកម្ពុជាមួយរូប បានចុះផ្សាយក្នុងអត្ថបទរបស់លោក ថាគេបានរកឃើញ​ សិលាចារឹកចំនួន៤៥ទៀត ហើយនៅឆ្នាំ១៩៨៨ លោកបានបញ្ជាក់បនែ្ថម ក្នុងអត្ថបទថ្មីមួយ ទៀតថា សិលាចារឹកប្រទេសកម្ពុជាមានចំនួន​ទាំងអស់ ១១៥០។ 

សម័យកាលនៃបុរាណសិលាចារឹកកម្ពុជា គឺលាតសន្ធឹងតាំងពីសតវត្សទី៦ ដល់ទី១៤នៃគ.ស បានសេចក្តីថា ចាប់ផ្តើមតាំងពីសម័យកាលនៃរាជាណាចក្រនគរភ្នំ រឺហ្វូណន (ឈ្មោះដើមនៃប្រទេសកម្ពុជា) រហូត ដល់សម័យកាលខាងចុងនៃចក្រភព កម្ពុជា”​

សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរ គឺសិលាចារឹកអង្គរបូរី(K៦០០) ដែលមានដាក់ កាលបរិច្ឆេទ ឆ្នាំ ៥៣៣ស័ករាជត្រូវគ្នានឹងឆ្នាំ ៦១១គ.ស។    ក្រៅពីនេះ សិលាចារឹកមួយចំនួន នៅអង្គរបូរី ដូចជា​សិលាចារឹកវត្តថ្លែង(កូសាំងសីន) K,សិលាចារឹកព្រះវិហារធំ(កំពង់ចាម ) K៥២០,សិលាចារឹកទួលវត្តគំនូរ(តាកែវ) K៥៥៩, ដែលបាត់កាលបរិច្ឆេទ មានអក្ខរាវិរុទ្ធចាស់ បុរាណជាងសិលាចារឹក K៦០០ ទៅទៀត។ គឺនៅលើមូលដ្ឋាន នៃអក្ខរាវិរុទ្ធនេះហើយដែលគេ អាចសន្និដ្ឋានបានថា សិលាចារឹកជាភាសាខ្មែរ បានចារឡើងនៅសតវត្សទី៦។

តាមគំនូសផែនទីផ្សេងៗ រៀបចំឡើងដោយលោក ហង់រី​ ប៉ារម៉ង់ទីយេរ ដែលមានឈ្មោះថា ផែនទីនៃចក្រភព​ខ្មែរ រៀបចំឡើងតាមទីកន្លែងនៃសិលាចារឹកមានកាលបរិច្ឆេទ។ គេអាចឃើញថា ទឹកដីគ្របដណ្តប់ដោយសិលាចារឹក សរសេរជាភាសាខ្មែរ និងសំស្ក្រឹត មានទំហំធំធេង។ គ្រាន់តែនៅសម័យកាលខាងក្រោយនៃនគរភ្នំ សិលាចារឹកចំនួន ២៣០ បានត្រូវគេរកឃើញនៅ ប្រទេសកម្ពុជា ហើយសិលាចារឹកចំនួន ៥៥ បានត្រូវគេរកឃើញនៅប្រទេសជិតខាងទាំងបី។ គ្រាន់តែប្រទេសសៀម​ សិលាចារឹកកម្ពុជានាសតវត្សទី៧ បានគេរកឃើញនៅទីក្រុងនិងខេត្ត ឆ្ងាយៗដូចជាខេត្តពិស្ណុលោក សីទេព អាយុធ្យាជាដើម។

សិលាចារឹកទាំងឡាយ គឺជាអត្ថបទមានលក្ខណៈប្រវត្តិកថា ឧទ្ទិសកថា ពណ៌នាកថា ឬមាន លក្ខណៈជាអត្ថបទរដ្ឋការ​ ជាអត្ថបទបញ្ជិកាស្តីអំពីនរនាម និងស្ថាននាម។ សិលាចារឹកទាំងនេះ គឺជាអត្ថបទ ដែលគេចារនៅតាមសរសរស្តម្ភដាក់នៅចំពីមុខព្រះវិហារ ឬប្រាសាទ លើទ្វារចូល លើជញ្ជាំងថ្ម លើសិលាស្តម្ភ។

សិលាចារឹកត្រូវបានសរសេរជាភាសាខ្មែរ ឬជាភាសាសំស្ក្រឹត ឬមួយសរសេរជាភាសាទាំងពីរ តែម្តង។  ប៉ុន្តែ ទោះបីដូចនេះក្តីមិនមែនមានន័យថា ជាសិលាចារឹកទ្វេភាសាទេ ព្រោះថាអត្ថបទ ជាភាសាសំស្ក្រឹត និងភាសាខ្មែររៀបរាប់អំពីបញ្ហាខុសៗគ្នា ឬក៏បំពេញន័យដែលមានការខ្វះខាត នៅក្នុងអត្ថបទមួយទៀត។ 

អក្ខរវិធីដែលគេប្រើប្រាស់សំរាប់សរសេរអត្ថបទសិលាចារឹកជាភាសាខ្មែរ គ្មានលក្ខណៈខុសគ្នាអ្វីពី សិលាចារឹក ជាភាសាសំស្ក្រឹតនោះឡើយ។ គឺជាអក្ខរវិធី មានកំណើតពីប្រព័ន្ធអក្សរព្រហ្មី ដែលមានន័យថា អក្សរបង្កើតដោយព្រះព្រហ្ម។ មានសិលាចារឹកខ្លះជាពិសេសនាសម័យអង្គរ ត្រូវបានគេចារតាមអក្ខរវិធីពីរបែប គឺអត្ថបទមួយប្រើអក្សរព្រហ្មី តាមបែបខ្មែរ និងអត្ថបទ ដដែល មួយទៀតប្រើអក្សរទេវនាគរី។