photo promote.jpg

ប្រាសាទព្រៃបាសាក់

ព្រៃបាសាក់ មានទីតាំងស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែកខាង កើតឈាងខាងត្បូងទីរួមខេត្តស្វាយរៀង។ រមណីដ្ឋានព្រៃបាសាក់មានចំងាយប្រហែល៨គ.ម ពីទីរួមខេត្ត។   ព្រៃបាសាក់មានក្រឡាផ្ទៃ ៨៤ម ដែលមានទីតាំងស្ថិតនៅខាងជើង និងខាងកើត ទល់នឹងទន្លេវ៉ៃកូ ខាងលិច និង ខាងត្បូងទល់នឹងភូមិប្រជាជន។
រមណីដ្ឋានព្រៃបាសាក់បានស្រូបយកនូវភ្ងៀវទេសចរក្នុងខេត្តស្វាយរៀង ឲ្យមកទស្សនា និងកំសាន្តសប្បាយតាមបែបផែនប្រពៃណីខ្មែរផង ការកំសាន្តសប្បាយផង និងការសិក្សាពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្តខ្មែរនៅក្នុងទឹកដីខេត្តស្វាយរៀងនេះផង។
 ព្រៃបាសាក់មានទីតាំងភូមិសាស្រ្តជាដីទួលមួយដែលមានតាំងពីសម័យបុព្វកាលដោយទីនោះ ក៏មានបន្សល់នូវប្រាសាទបុរាណមួយផងដែរ ដែលគេគ្រប់គ្នាតែងហៅថា ប្រាសាទព្រៃបាសាក់ ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែឥដ្ឋប្រាសាទធ្លាក់រ៉ាត់រាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចប៉ុណ្ណោះ។ តាមការសន្និដ្ឋាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលបានឆ្លាក់លើផ្ទាំងថ្មចង្អុលទៅកាន់ប្រាសាទបានសន្មតថា ប្រាសាទព្រៃបាសាក់ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងកំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ.ស។ ផ្ទុយទៅវិញតាមការយល់ឃើញរបស់ខ្ញុំ ប្រាសាទនេះទំនងសាងសង់នៅក្នុងសម័យចេនឡា គឺពុំមែន ស្ថិតនៅក្នុងសម័យអង្គរនៃរចនាបទបាខែងនោះទេ ព្រោះថារចនាបទបាខែងគេសាងសង់ប្រាសាទ ពីថ្មភក់មានច្រើនជាន់ នៅលើខឿនខ្ពស់ ហើយគេនិយមសាងសង់ប្រាសាទនៅលើកំពូលភ្នំតែម្តង តួយ៉ាងដូចប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម រឺប្រាសាទភ្នំបូកជាដើម។    ដោយសារបច្ចុប្បន្ននេះ ពុំឃើញមានបន្សល់ទុកនូវផ្តែរប្រាសាទជាដើម ធ្វើឲ្យខ្ញុំបាទពិបាកនឹងសន្និដ្ឋានថាវាស្ថិតនៅក្នុង រចនាបទណាមួយនោះណាស់ គឺគ្រាន់តែដឹងថាវាស្ថិតនៅក្នុងសម័យចេនឡា អាចក្នុងរចនាបទ សម្បូណ៍ រឺព្រៃក្មេង រឺក៏អាចកំពង់ព្រះ។
(ក្នុងន័យនេះពុំមែនមានន័យថា ខ្ញុំបដិសេធនូវការសន្និដ្ឋានរបស់ក្រសួងនោះទេ តែគ្រាន់ទុកជាគតិ ពិចារណារកហេតុផលតទៅមុខទៀត ព្រោះចំណេះដឹងរបស់ខ្ញុំបាទនៅមានកម្រិតនៅឡើយ។)
            បច្ចុប្បន្ននេះ ដើម្បីទាក់ទាញនូវភ្ងៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ពីរមណីដ្ឋាននេះ មន្ទីរបានរៀបចំកសាងរូបបដិមាករសម្រាប់ភ្ញៀវមកទស្សនាបានធ្វើជាកន្លែងសក្ការៈបូជា នៅពេលមាន បុណ្យទាន រឺការកំសាន្តក្នុងតំបន់នោះ។ ក្រៅពីប្រាសាទបុរាណ និងបដិមាករទើបកែច្នៃ ព្រៃបាសាក់ គឺជាតំបន់ដែលសម្បូរទៅដោយព្រៃស៊ុបទ្រុបជាងគេនៅក្នុងខេត្តស្វាយរៀង។

ប្រាសាទព្រៃបាសាក់ដែលបាក់បែក

សំណល់វត្ថុនានារបស់ប្រាសាទ

ទិដ្ឋភាពនៅតំបន់ព្រៃបាសាក់

ទិដ្ឋភាពវាលស្រែជុំវិញតំបន់ព្រៃបាសាក់

ពុទ្ធបដិមាដែលទើបកសាង